រុស្ស៊ី៖ មេដឹកនាំលើកបន្តុបដោយរុស្ស៊ីនៅក្នុងតំបន់ Kherson ភាគខាងត្បូងរបស់អ៊ុយក្រែន លោក Vladimir Saldo បានអំពាវនាវឲ្យជនស៊ីវិលចាកចេញ ដោយសារតែការវាយប្រហារដោយគ្រាប់រ៉ូកែតរាល់ថ្ងៃ ពីសំណាក់កងកម្លាំងអ៊ុយក្រែនដែលកំពុងវាយរុលទៅមុខ។

លោកបានជំរុញពួកគេឲ្យជួយសង្គ្រោះជីវិតខ្លួនឯង តាមរយៈការធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ី សម្រាប់ការសម្រាកកម្សាន្ត និងការសិក្សា និងបានស្នើសុំជំនួយពីទីក្រុង Moscow។ ក្រោយមកការអំពាវនាវរបស់លោក ត្រូវបានជួយជំរុញបន្តដោយឧបនាយករដ្ឋមន្ត្រីរុស្ស៊ីលោក Marat Khusnullin នៅក្នុងសារនៅតាមទូរទស្សន៍រដ្ឋ។ អ៊ុយក្រែនបានច្រានចោលការចោទប្រកាន់ដែលថា ខ្លួនបានដាក់គោលដៅលើជនស៊ីវិលរបស់ខ្លួន។ ទាហានរបស់ខ្លួនដែលទើបដណ្ដើមបានមកវិញនូវតំបន់មួយចំនួននៃភាគពាយ័ព្យក្នុងតំបន់ Kherson កំពុងចូលជិតដល់ក្នុងទីក្រុង Kherson ហើយ។
លោក Khusnullin ដែលមានភារកិច្ចទទួលខុសត្រូវពិសេស សម្រាប់ប្រទេសរុស្ស៊ីភាគខាងត្បូង និងឧបទ្វីប Crimea បាននិយាយថា រដ្ឋាភិបាលបានសម្រេចរៀបចំជំនួយ សម្រាប់ការចាកចេញរបស់ប្រជាពលរដ្ឋនៃតំបន់ Kherson ទៅកាន់តំបន់ផ្សេងៗរបស់ប្រទេសនេះ។ យើងនឹងផ្ដល់ឲ្យពលរដ្ឋគ្រប់គ្នានូវការស្នាក់នៅដោយឥតគិតថ្លៃ និងរបស់ចាំបាច់គ្រប់បែបយ៉ាង។ យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋរុស្ស៊ី Tass អភិបាលតំបន់ Rostov លោក Vasily Golubev បាននិយាយថា ក្រុមពលរដ្ឋដំបូងចេញពីតំបន់ Kherson នឹងមកដល់តំបន់ Rosto របស់រុស្ស៊ីនៅថ្ងៃសុក្រនេះ៕
អត្ថបទ៖ សុខមាន