អ៊ីស្រាអែល៖ ក្រុមទាហានអ៊ីស្រាអែលបានបាញ់ឧស្ម័នបង្ហៀរទឹកភ្នែក ទៅលើក្រុមជនជាតិប៉ាឡេស្ទីនដែលកំពុងតដៃដោយគប់ដុំថ្មនៅក្នុងជំរំ Shuafat ក្បែរទីក្រុង Jerusalem នៅសប្ដាហ៍នេះ។ គេមើលឃើញក្រុមអ្នកតវ៉ាកំពុងគប់ដុំថ្ម និងគ្រាប់បែកភ្លើង និងដុតបំពួកភ្លើង ស្របពេលកងកម្លាំងសន្តិសុខបានបាញ់គ្រាប់កាំភ្លើងជ័រ និងឧស្ម័នបង្ហៀរទឹកភ្នែក។

នគរបាលអ៊ីស្រាអែលបានប្រើកាំភ្លើងគ្រាប់ពិត ក្នុងអំឡុងពេលប្រឈមជាមួយក្រុមអ្នកតវ៉ាប៉ាឡេស្ទីនរាប់រយនាក់។ នគរបាលអ៊ីស្រាអែលបាននឹងកំពុងធ្វើប្រតិបត្តិការក្នុងជំរំជនភៀសខ្លួន Shuafat នៅប៉ែកខាងកើតទីក្រុង Jerusalem ដើម្បីតាមរកជនសង្ស័យក្នុងការវាយប្រហារដោយអាវុធ នៅប៉ុស្តិ៍ត្រួតពិនិត្យមួយកន្លែងកាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍មុន ដែលបានបណ្ដាលឲ្យទាហានម្នាក់ស្លាប់។

ភាពរំជើបរំជួលខ្លាំងបំផុតមិនធ្លាប់មានក្នុងរយៈពេលជាច្រើនខែមកនេះបានផ្ទុះឡើង បន្ទាប់ពីបុរសប្រដាប់ដោយអាវុធម្នាក់បានបាញ់សម្លាប់ទាហានអ៊ីស្រាអែលម្នាក់ និងបណ្ដាលឲ្យមនុស្ស ៣នាក់រងរបួសនៅប៉ុស្តិ៍ត្រួតពិនិត្យផ្លូវបំបែកក្នុងជំរំ Shuafat កាលពីថ្ងៃសៅរ៍៕
អត្ថបទ៖ សុខមាន