បាល់ទាត់៖ ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានជូនពរដល់ម្ចាស់ផ្ទះកាតាឱ្យទទួលបានជោគជ័យ ក្នុងការរៀបចំព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup ឆ្នាំនេះ។ ភាគីទាំងពីរបានចែករំលែកបទពិសោធគ្នា ជាពិសេសរុស្ស៊ីដែលជាម្ចាស់ផ្ទះ World Cup 2018 កន្លងទៅ ស្របពេលដែលមេដឹកនាំកាតា Sheikh Tamim bin Hamad Al Thani ក៏បានអរគុណដល់លោក Putin ផងដែរក្នុងការជួយជ្រោមជ្រែងកាតា និងចែករំលែកបទពិសោធ។

រុស្ស៊ីដែលឡើងដល់វគ្គ ៨ក្រុមចុងក្រោយក្នុងនាមជាម្ចាស់ផ្ទះកាលពីឆ្នាំ២០១៨ នោះមិនមានមុខនៅ World Cup ឆ្នាំនេះឡើយក្រោយការដកសិទ្ធិពី FIFA តាមរយៈសង្គ្រាមរបស់រុស្ស៊ីនៅលើទឹកដីអ៊ុយក្រែន។ យ៉ាងណាក្តីប្រភពព័ត៌មានជិតស្និតបានប្រាប់សារព៏ត៌មាន AP ថា គោលបំណងនៃកិច្ចប្រជុំនេះគឺដើម្បីរំសាយភាពតានតឹងរវាងរុស្ស៊ី និងកាតា ដែលបានកើនឡើងកំដៅ បន្ទាប់ពីទីក្រុងដូហាបានសម្តែងការគាំទ្រ ចំពោះបូរណភាពទឹកដីរបស់អ៊ុយក្រែន និងការចូលរួមរបស់រដ្ឋមន្ត្រីការពារជាតិកាតា នៅក្នុងកិច្ចប្រជុំនៃបណ្តាប្រទេសណាតូក្នុងប្រទេសអាល្លឺម៉ង់។ ប្រភពបានបន្តថា កាតាត្រូវការការគាំទ្រពីរុស្ស៊ីក្នុងបញ្ហាតំបន់ផ្សេងៗ រួមទាំងការសម្រុះសម្រួលរបស់ខ្លួននៅក្នុងប្រទេសលីប៊ី និងអ៊ីរ៉ង់៕
អត្ថបទ៖នាង សុភាវុធ