ភ្នំពេញ៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានពន្យារពេលបង់ពន្ធ និងអាករលើរថយន្តចង្កូតស្ដាំគ្មានពន្ធមានស្រាប់ក្នុងប្រទេសដែលបានចុះបញ្ជីរួចមកបំពេញកាតព្វកិច្ចពន្ធនិងអាកររហូតដល់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២។
ក្នុងសេចក្តីជូនដំណឹងចេញផ្សាយកាលថ្ងៃទី១៣ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា លើកឡើងថា ដោយពិនិត្យឃើញពីស្ថានភាពលំបាកក្នុងរដូវវស្សាដែលប៉ះពាល់ដល់អាជីវកម្មរបស់ម្ចាស់រថយន្តចង្កូតស្តាំគ្មានពន្ធមានស្រាប់ក្នុងប្រទេសដែលបានមកចុះបញ្ជីរួច ប្រមុខរាជរដ្ឋាភិបាលបានផ្ដល់ការអនុញ្ញាតពន្យារពេលជូនដល់ម្ចាស់រថយន្តចង្កូតស្តាំគ្មានពន្ធមានស្រាប់ក្នុងប្រទេសដែលបានចុះបញ្ជីរួចមកបំពេញកាតព្វកិច្ចពន្ធ និងអាកររហូតដល់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២។
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា រំលឹកដល់ម្ចាស់រថយន្តចង្កូតស្តាំដែលបានចុះបញ្ជីរួច ប៉ុន្តែនៅមិនទាន់បានមកបំពេញកាតព្វកិច្ចពន្ធ និងអាករឱ្យប្រញាប់រួសរាន់ចូលមកបង់ពន្ធ និងអាករនៅតាមបណ្តាអង្គភាពគយ និងរដ្ឋាកររាជធានី-ខេត្ត ដែលសាមីខ្លួនបានចុះបញ្ជីរថយន្តរបស់ខ្លួន ឱ្យបានតាមការកំណត់ដូចបានជម្រាបជូនខាងលើជាកំហិត ដើម្បីចៀសផុតពីការបង្កាបដោយមន្ត្រីគយនិងរដ្ឋាករមានសមត្ថកិច្ចតាមដងផ្លូវ ការដ្ឋាន អាជីវកម្មដ្ឋាននិងតាមទីកន្លែងសាធារណៈជាយថាហេតុ។
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បញ្ជាក់ថា ក្រោយថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ រថយន្តចង្កូតស្ដាំបានដែលពុំបានបំពេញកាតព្វកិច្ចពន្ធនិងអាករ គឺជាមុខសញ្ញានៃការបង្ក្រាបរឹបអូស ដោះជាគ្រឿងបន្លាស់ ឬកំទេចចោលតាមច្បាប់ និងបទប្បញ្ញត្តិជាធរមានដោយពុំមានការអនុគ្រោះទៀតឡើយ។
បើតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បច្ចុប្បន្ន គឺនៅសេសសល់រថយន្តចង្កូតស្តាំចុះបញ្ជីប្រមាណ ៤០០០គ្រឿងទៀត ដែលមិនទាន់បង់ពន្ធ។
សូមរំឭកថា រាជរដ្ឋាភិបាល សម្រេចឲ្យមានការប្រមូលពន្ធអាករលើរថយន្តគ្មានពន្ធ មានស្រាប់ក្នុងប្រទេស ទាំងប្រភេទ រួមទាំងរថយន្តគ្មានពន្ធជ្រកក្រោមផ្លាកលេខផ្សេងៗ ចាប់ពីខែកញ្ញា ឆ្នាំ២០២១ ដល់ថ្ងៃថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២។ ប៉ុន្តែការបង់ពន្ធនេះ រដ្ឋក៏សម្រេចពន្យារឱ្យពលរដ្ឋ ដល់ថ្ងៃទី៨តុលា ឆ្នាំ២០២២ ដើម្បីបំពេញកាតព្វកិច្ចពន្ធ និងអាករ៕អត្ថបទ៖ វណ្ណៈ
