ភ្នំពេញ៖ អាស៊ានបាន និងកំពុងចូលរួមលើកកម្ពស់ស្រ្តីជាសហគ្រិនក្នុងស្រុក និងអាស៊ាន ជម្រុញបង្កើននូវភាពអង់អាចពង្រឹងសមត្ថភាព និងពង្រីកអាជីវកម្ម ដើម្បីជីវភាពគ្រួសារ ជាពិសេសការចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម តាមរយៈការប្រកួតប្រជែងស្នាដៃផលិតផលសម្រាប់ ទីផ្សារក្នុងស្រុក និងតំបន់ជាដើម។
លោកជំទាវ កែវ មុំ ប្រធានសមាគមសហគ្រិនស្រ្តីកម្ពុជា ថ្លែងថា លើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយភ្នាក់ងារអ្នកយកព័ត៌មាន ក្នុងព្រឹត្តិការណ៍ផ្តល់ពានរង្វាន់ សហគ្រិនស្រ្តីអាស៊ាន អមនៃកិច្ចប្រជុំកំពូលស្ត្រីអាស៊ានលើកទី២ ក្រោមប្រធានបទ «ការកសាងអនាគតប្រកបដោយចីរភាព បរិយាបន្ន និងកាន់តែរឹងមាំ៖ បំផុសសហគ្រិនភាពរបស់ស្ត្រីក្នុងអាស៊ាន» នៅថ្ងៃទី ១៣ ខែ តុលា ឆ្នាំ ២០២២ នេះថា សមាគមសហគ្រិនស្រ្តីកម្ពុជា បានសហការគ្នា រៀបចំបណ្តាញសហគ្រិនស្ត្រីកម្ពុជា និងអាស៊ាន នៅតាមបណ្តាប្រទេសនីមួយៗក្នុងអាស៊ាន និងជ្រើសរើសស្រ្តីឆ្នើម ដើម្បីចូលរួមក្នុងកម្មវិធីពានរង្វាន់។
កម្មវិធីនេះ បានបង្ហាញឲ្យឃើញថា ស្រ្តីជាសហគ្រិន មានឱកាសកាន់តែច្រើន ក្នុងការបង្កើននូវភាពអង់អាច ពង្រឹងសមត្ថភាព និងពង្រីកអាជីវកម្ម ដើម្បីជីវភាពរស់នៅ និងការចូលរួមជាមួយសង្គម។
លោកជំទាវ បញ្ជាក់ថា កម្ពុជាធ្វើជាម្ចាស់ផ្ទះឆ្នាំនេះ គឺបានជម្រុញលើកទឹកចិត្តដល់សហគ្រិនស្រ្តី ពិភាក្សា និងផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទីមក ជាពិសេសការជម្រុញលើកទឹកចិត្តដល់ការប្រកួតប្រជែងទីផ្សារក្នុងស្រុក ក៏ដូចជាទីផ្សារអាស៊ានផងដែរ។
លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានលើកឡើងថា ក្នុងនាមកម្ពុជាជាម្ចាស់ផ្ទះ ក្រសួងកិច្ចការនារី បានរៀបចំកិច្ចប្រជុំកំពូលស្រ្តីអាស៊ានលើកទី២ ដោយផ្តោតលើប្រធានបទសហគ្រិនស្រ្តីអាស៊ាន ដូចនេះពានរង្វាន់ពិសេសនេះ គឺជាការធ្វើឱ្យមានកំណត់ត្រាប្រវត្តិសាស្រ្តរបស់អាស៊ាន។
បណ្តាញសហគ្រិនស្ត្រីកម្ពុជា និងអាស៊ាន និងក្រុមប្រឹក្សាសហគ្រិនវ័យក្មេងអាស៊ាន បានជ្រើសរើសចំនួន ៣៨រូប ទទួលបានពានរង្វាន់ពិសេសអាស៊ាននេះ, ព្រឹត្តិការណ៍នេះផងដែរ ក៏មានចូលរួមពីបណ្តាតំណាងកិច្ចប្រជុំរដ្ឋមន្រ្តីកិច្ចការនារីអាស៊ាន, គណៈកម្មាធិការអាស៊ានស្តីពីស្រ្តី បណ្តាញសហគ្រិនស្រ្តីអាស៊ាន, ក្លឹបសហគ្រិនស្រ្តីវ័យក្មេងវ័យក្មេងអាស៊ាន, តំណាងស្ថានទូតកាណាដា, និងបណ្តាប្រទេសអាស៊ាន អគ្គលេខាធិការដ្ឋានអាស៊ាន តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធនៅកម្ពុជា វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ ចំនួនប្រមាណ២០០រូប ចូលរួមដោយផ្ទាល់នៅភ្នំពេញ និងប្រមាណ៥០រូប តាមប្រព័ន្ធវីដេអូអនឡាញ ៕អត្ថបទ៖ សុន រ៉ាឌី