ភ្នំពេញ៖ ក្រុមហ៊ុនជប៉ុនចំនួន២ រួមមានគ្រឹស្ថានមីក្រូហិរញ្ញវត្ថុActive People និងក្រុមហ៊ុន ស៊ីងស៊ីង បានសហការគ្នាជួយបណ្តុះបណ្តាលកុមារនៅសាលាបឋមសិក្សានរោត្តម រាជធានីភ្នំពេញ លើផ្នែកព័ត៌មានវិទ្យា និងការសរសេរកម្មវិធីនានាលើប្រព័ន្ធកុំព្យូទ័រ។
បើតាមប្រធានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ Active People លោក កូរីហារា តាសឹហ៊ីរូ ថ្លែងប្រាប់BTV នៅថ្ងៃទី១៤ ខែតុលានេះថា សាលាបឋមសិក្សានរោត្តមគឺជាសាលាដំបូងគេនៅកម្ពុជា ក្រសួងអប់រំ យុវជន និងកីឡា បានអនុញ្ញាតដាក់អនុវត្តការបំពាក់គ្រឿងបច្ចេកវិទ្យា ផ្តល់ការបណ្តុះបណ្តាលព័ត៌មានវិទ្យា ជាពិសេសផ្តល់ការបណ្តុះបណ្តាលសរសេរកម្មវិធី Programming ជូនកុមារាកុមារី និងជាពិសេសជម្រុញពួកគេចេះបង្កើតភាពច្នៃប្រឌិតនានា លើនៅប្រព័ន្ធកុំព្យូទ័រ ហើយពេលបន្ទាប់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អាក់ធីវ ភីភល (Active People ) នឹងបន្តជួយសាលានានាទៀត។
លោក សុខ ថា ប្រធាននាយកដ្ឋានបច្ចេកវិទ្យា និងព័ត៌មានវិទ្យា ក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា ក្រសួងអប់រំ យុវជន និងកីឡា គឺមានបំណងចង់អោយបណ្តាសាលារៀនគឺមានបំពាក់គ្រឿងបចេ្ចកវិទ្យាព័ត៌មាន និងផ្តល់ការបណ្តុះបណ្តាល លើកម្មវិធីនានានៅសាលារៀន តែដោយក្រសួងមានកម្រិតថវិកា ទើបធ្វើឲ្យយើងត្រូវស្វែងរកដៃគូមកពីវិស័យឯកជនដើម្បីអភិវឌ្ឍន៍សាលាលើវិស័យបច្ចេកវិទ្យាព័ត៌មាននេះ។
លោក សុខ ថា បន្តថា បច្ចុប្បន្នយើងពិនិត្យឃើញថា សាលាបឋមនរោត្តម គឺជាសាលាឈានមុខគេ ដែលបានកៀងគរ វិស័យឯកជនចូលរួមសហការរហូតឈានដល់ការបណ្តុះបណ្តាលកុមារាកុមារីលើផ្នែក សរសេរកម្មវិធី ការសរសេរកូដឌីញ ការបង្កើតគំនិតច្នៃប្រឌិតរូបតុក្កតានានាមានចលនាជាដើម៕ អត្ថបទ ស៊ុម សុខជា