អ៊ុយក្រែន៖ ទីក្រុងមូស្គូ និងទីក្រុងគីវបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ភាគីទាំងពីរបានដោះដូរឈ្លើយសឹក ២០នាក់ក្នុងភាគីម្ខាងៗជាការដោះដូរឈ្លើយសឹកថ្មីមួយទៀតរបស់ពួកគេ។ ជំនួយការប្រធានាធិបតីអ៊ុយក្រែនលោក Andriy Yermak បាននិយាយនៅលើបណ្តាញ Telegram ថា ការដោះដូរឈ្លើយសឹកមួយផ្សេងទៀតគឺជាពេលវេលាដ៏រីករាយមួយទៀត។ យើងបានដោះលែងមនុស្ស ២០នាក់។

លោក Yermak និយាយថា ពួកគេជាទាហានអ៊ុយក្រែន ១៤នាក់ ដែល ៤នាក់ជាសមាជិកការពារទឹកដី ម្នាក់ជាសមាជិកឆ្មាំជាតិ និងម្នាក់ទៀតជាសមាជិកនៃកងទ័ពជើងទឹកអ៊ុយក្រែន។ មានមនុស្សមួយចំនួនទៀតដែលរុស្ស៊ីបានឃុំខ្លួននៅក្នុងពន្ធនាគារ Olenivka និងនៅក្នុងតំបន់ Zaporizhzhia និងតំបន់ Kherson ដែលបានចូលកាន់កាប់បណ្តោះអាសន្ន។ លោក Yermak បានបង្ហោះរូបថត និងវីដេអូខ្លីបង្ហាញឈ្លើយសឹកដែលត្រូវបានដោះលែងក្នុងឯកសណ្ឋានយោធាកំពុងអង្គុយនៅលើរថយន្តក្រុង ដោយនិយាយថា ទាហានដែលត្រូវបានដោះលែងកំពុងទទួលការពិនិត្យសុខភាព។
ក្រសួងការពារជាតិរុស្ស៊ីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើបណ្តាញ Telegram ថា ទាហានរុស្ស៊ីចំនួន ២០នាក់បានវិលត្រឡប់ពីទឹកដីអ៊ុយក្រែនដែលគ្រប់គ្រងដោយទីក្រុង Kyiv ហើយកំពុងទទួលបានជំនួយផ្នែកវេជ្ជសាស្ត្រ និងជំនួយផ្លូវចិត្តដែលពួកគេត្រូវការ។ រុស្ស៊ី និងអ៊ុយក្រែនបានដោះដូរឈ្លើយសឹកចុងក្រោយកាលពីថ្ងៃអង្គារ ដោយទីក្រុង Kyiv និយាយថា ទាហានរបស់ខ្លួន ៣២នាក់ត្រូវបានដោះលែង៕
អត្ថបទ៖ ប៊ុនថន