មីយ៉ាន់ម៉ា៖ របបយោធាសហភាពមីយ៉ាន់ម៉ាបាននិយាយកាលពីថ្ងៃសុក្រថា យុទ្ធនាការតវ៉ាប្រឆាំងនឹងរបបដឹកនាំរបស់ខ្លួនកំពុងថមថយ ព្រោះប្រជាជនចង់បានសន្តិភាព ហើយខ្លួននឹងរៀបចំការបោះឆ្នោតក្នុងរយៈពេល ២ឆ្នាំទៀត ជាពេលវេលាដំបូងដែលខ្លួនបានផ្តល់ការវិលត្រឡប់ ទៅកាន់លទ្ធិប្រជាធិបតេយ្យវិញចាប់តាំងពីរដ្ឋប្រហារថ្ងៃទី១ ខែកុម្ភៈ។
សាក្សី និងសេចក្ដីរាយការណ៍ព័ត៌មានជាច្រើនបាននិយាយថា កងទ័ពបានបាញ់គ្រាប់បែកដៃទៅលើក្រុមបាតុករប្រឆាំងរដ្ឋប្រហារកាលពីថ្ងៃសុក្រ នៅទីប្រជុំជនបាហ្គោក្បែរទីក្រុងយ៉ាងហ្គោន។ ប្រភពដដែលបាននិយាយថា យ៉ាងហោចណាស់មានមនុស្ស ១០នាក់ត្រូវបានសម្លាប់ ហើយសាកសពរបស់ពួកគេត្រូវបានប្រមូលគរ ទុកចោលនៅកាច់ជ្រុងវត្តមួយកន្លែង។ សារព័ត៌មាន Myanmar Now និង Mawkun ដែលជាទស្សនាវដ្ដីព័ត៌មានតាមអ៊ិនធឺណិតបាននិយាយថា យ៉ាងហោចណាស់មានមនុស្ស ២០នាក់បានស្លាប់ និងជាច្រើននាក់រងរបួស។ ពួកគេបាននិយាយថា គេមិនអាចទទួលបានចំនួនជាក់លាក់ទេ ព្រោះកងទ័ពបានឡោមព័ទ្ធតំបន់ក្បែរវត្តនោះ៕
អត្ថបទ៖ សុខមាន