កណ្ដាល ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជានៅល្ងាចថ្ងៃសុក្រ ទី១៤ ខែតុលា ឆ្នាំ២០២២នេះ បានចាត់ឱ្យលោកជំទាវ ពុំ ចន្ទីនីអគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងសហការីចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារសពកុមាររងគ្រោះក្នុងឧប្បទ្ទវហេតុ (លិចទូកដរទទឹង)កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ទី ១៣ ខែតុលា ឆ្នាំ២០២២ ស្ថិតនៅភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល សពកុមាររងគ្រោះទាំងអស់បានធ្វេីបុណ្យ និងបូជានៅក្នុងវត្តកំពង់ភ្នំក្នុង ស្ថិតក្នុងស្រុកលេីកដែក ខេត្តកណ្តាល ។
ស្ថិតក្នុងវេលាដ៏សោកសង្រេងនេះ លោកជំទាវ អគ្គលេខាធិការ បានពាំនាំនូវការរំលែកទុក្ខដ៏ក្រៀមក្រំបំផុតពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានផ្តាំផ្ញេីចូលរួមសម្តែងនូវសមានទុក្ខដ៏ក្រៀមក្រំ និងសោកស្តាយយ៉ាងក្រៃលែងបំផុត ប្រកបដោយសេចកី្តសង្វេគអាណិតអាសូរជាពន់ពេកជាមួយក្រុមគ្រួសារសព និងសាច់ញាតិទាំងអស់ ដែលបានបាត់បង់កូនៗ ក្មួយៗ និងចៅៗជាទីស្រឡាញ់នៅក្នុងហេតុការណ៍ដ៏សោកសៅនេះនិងសូមឧទ្ទិសបួងសួងឱ្យដួងវិញ្ញាណក្ខន្ធអ្នកដែលបានបាត់បង់ជីវិតទាំងអស់ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ព្រមទាំងសូមជូនពរដល់ក្មេងៗជនរងគ្រោះទាំងអស់ដែលរួចផុតជីវិតពីការស្លាប់។
សូមឆាប់ជាសះស្បើយ ដើម្បីវិលទៅបន្តការសិក្សារៀនសូត្រ រស់នៅជាប្រក្រតីវិញ។ជាមួយគ្នានេះ កាកបាទក្រហមកម្ពុជាបាននាំយកគ្រឿងឧបភោគបរិភោគ និងបច្ច័យសម្រាប់ចូលបុណ្យសពទាំង១១ (រួមទាំងសព ១ ដែលកំពុងស្វែងរក) ដោយក្នុងគ្រួសារនីមួយៗរួមមាន ៖ អង្ករ ១០០គីឡូក្រាម, មី ៥កេស, ត្រីខ ៥០កំប៉ុង , ទឹកក្រូច ៥កេស និងថវិកា ៥លានរៀល ៕









