ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ ថ្នាក់ដឹកនាំតាមបណ្តាក្រសួង ស្ថាប័ននានា បានដឹកនាំ មន្ត្រីរាជការក្រោមឱវាទ អញ្ជើញដាក់កម្រងផ្កា ចូលរួមគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ក្នុងគម្រប់ខួប១០ព្រះវស្សានៃការយាងសោយព្រះទិវង្គត់របស់ព្រះអង្គ នៅមណ្ឌបព្រះបរមរូបព្រះបរមរតនកោដ្ឋ ស្ថិតនៅសួនច្បារខាងកើតវិមានឯករាជ្យ។
យោងតាមសំណេរសម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ បានអោយដឹងថា ប្រជារាស្រ្តទូទាំងប្រទេស ព្រមទាំងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ បានសម្តែងនូវការគោរពដឹងគុណដ៏ខ្ពង់ខ្ពស់បំផុតថ្វាយចំពោះ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ និងបូជាព្រះកាយពលដ៏ធំធេងបំផុតចំពោះជាតិមាតុភូមិកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា កូនចៅប្រជារាស្រ្តទូទាំងប្រទេស និងមន្រ្តីរាជការ សូមថ្វាយព្រះរាជកុសលព្រះវិញ្ញាណក្ខន្ឋព្រះបរមសព ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ សូមស្តេចយាងបដិសន្ឋិក្នុងព្រះបរមសុគតិភពកុំបីឃ្លាងឃ្លាតឡើយ៕













































