ទួរគី៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាលទួរគីបានប្រកាសថា ការផ្ទុះនៅអណ្តូងរ៉ែធ្យូងថ្មមួយកន្លែងភាគខាងជើងប្រទេសបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ២៥នាក់ស្លាប់ ខណៈក្រុមអ្នកជួយសង្គ្រោះបានធ្វើការពេញមួយយប់ ព្យាយាមនាំយកចេញមនុស្សរាប់សិបនាក់ផ្សេងទៀតដែលជាប់នៅខាងក្នុងមកទីសុវត្ថិភាព។

ការផ្ទុះនេះបានកើតឡើងនៅអណ្តូងរ៉ែ TTK Amasra Muessese Mudurlugu ដែលគ្រប់គ្រងដោយរដ្ឋនៅទីក្រុង Amasra ក្នុងខេត្ត Bartin ឆ្នេរសមុទ្រខ្មៅ។ រដ្ឋមន្ត្រីក្រសួងថាមពលលោក Fatih Donmez បាននិយាយថា ការវាយតម្លៃបឋមបង្ហាញថា ការផ្ទុះទំនងជាបណ្តាលមកពីការឆេះឧស្ម័នមេតាន ដែលយោងទៅលើឧស្ម័នងាយឆាបឆេះត្រូវបានរកឃើញនៅអណ្តូងរ៉ែធ្យូងថ្ម។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក Suleyman Soylu ដែលបានធ្វើដំណើរទៅកាន់ទីក្រុង Amasra ដើម្បីសម្របសម្រួលប្រតិបត្តិការជួយសង្គ្រោះបាននិយាយថា មនុស្ស ១១០នាក់នៅក្នុងអណ្តូងរ៉ែ ខណៈនៅពេលផ្ទុះនោះ។ កម្មករភាគច្រើនអាចជម្លៀសខ្លួនចេញបន្ទាប់ពីការផ្ទុះ ប៉ុន្តែ ៤៩នាក់បានជាប់នៅក្នុងទីតាំងដែលមានហានិភ័យខ្ពស់ក្នុងអណ្តូងរ៉ែ៕
អត្ថបទ៖ ប៊ុនថន