សូម៉ាលី៖ កសិករនៅភាគកណ្តាលប្រទេសសូម៉ាលីបានចូលរួមការប្រយុទ្ធ ក្នុងប្រតិបត្តិការបន្តប្រឆាំងក្រុមជ្រុលនិយមអ៊ីស្លាម al-Shabab។ ក្រុម al-Shabab ដែលប្រឆាំងរដ្ឋាភិបាលសហព័ន្ធ និងវត្តមានរបស់កងកម្លាំងរក្សាសន្តិភាព និងកងកម្លាំងបរទេសផ្សេងទៀតនៅលើទឹកដីប្រទេសសូម៉ាលី បានដណ្តើមយកទឹកដីក្នុងប្រទេសក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដោយទាញយកផលប្រយោជន៍ពីភាពវឹកវរផ្នែកសន្តិសុខរបស់ប្រទេសសូម៉ាលី និងភាពខ្វែងគំនិតគ្នារវាងអាជ្ញាធរសហព័ន្ធ និងមេដឹកនាំក្នុងតំបន់។

ប្រធានាធិបតីសូម៉ាលីកាលពីពេលថ្មីៗនេះបានប្រកាសសង្គ្រាមប្រឆាំងក្រុម al-Shabab បន្ទាប់ពីការវាយប្រហារដ៏ឃោរឃៅទៅលើសណ្ឋាគារមួយកន្លែងក្នុងទីក្រុង Mogadishu កាលពីខែសីហា។ ផ្នែកមួយនៃការឆ្លើយតបគឺត្រូវជ្រើសរើសកសិករទៅប្រយុទ្ធនៅក្នុងតំបន់ដែលក្រុម al-Shabab បាននឹងកំពុងធ្វើប្រតិបត្តិការ។ នៅតំបន់ Hiraan ជាកន្លែងដែលការប្រយុទ្ធគ្នាខ្លាំងបំផុតបាននឹងកំពុងកើតឡើង កសិករបានក្លាយជាអ្នកប្រយុទ្ធដែលបានបង្កើតជាកងជីវពលមួយក្រុម។ មេបញ្ជាការកងជីវពលលោក Abdelsalam MualimMohamed និយាយថា កងជីវពលប្រមាណ ៣០០ ទៅ ៤០០នាក់កំពុងព័ទ្ធជុំវិញក្រុម al-Shabab នៅពេលនេះ។ ក្រុមកងជីវពលទាំងនេះបានធ្វើការនៅលើដែនដីរបស់ពួកគេ ដែលត្រូវបានគាំទ្រដោយកងទ័ពជាតិសូម៉ាលី រួមជាមួយកាំភ្លើងធំធុនធ្ងន់ពីបេសកកម្មអន្តរកាលអាហ្វ្រិកនៅក្នុងប្រទេសសូម៉ាលី៕
អត្ថបទ៖ សុខមាន