ព្រះមហាក្សត្រ សម្តេចម៉ែ យាងក្នុងព្រះរាជពិធីបុណ្យខួបប្រសូត និងការយាងសោយព្រះទិវង្គតរបស់សម្តេចឪ

2022/10/16 12:19:46 am        84

ភ្នំពេញ ៖ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល និងព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឬទ័យ ស្តេចយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីបុណ្យខួបប្រសូត និងការយាងសោយព្រះទិវង្គត នៃអង្គព្រះករុណាព្រះបាទ សម្តេចព្រះនរោត្តមសីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យបូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅក្នុងសភាពដ៏មហោឡារិកអធឹកអធម ក្រៃលែងនៅព្រះពន្លា ក្នុងព្រះឧបោសថរតនារាម ព្រះកែវមរកត ព្រះបរមរាជវាំង វេលាព្រឹកថ្ងៃសៅរ៍ ៥រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២។

យាង និងអញ្ជើញចូលរួមក្នុងព្រះរាជពិធីបុណ្យដ៏ឧត្តុងឧត្តមនេះដែរ មានសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។

ចំពោះព្រះរាជវង្សានុវង្ស មានព្រះវត្តមាន សម្តេចព្រះមហិស្សរា នរោត្តម ចក្រពង្ស ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្តេចរាជបុត្រី ព្រះអនុជ នរោត្តមអរុណរស្មី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្តេចស៊ីសុវត្ថិ ពង្សនារីមុនីពង្ស ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ព្រះអង្គម្ចាស់ នរោត្តម ប្រីយសោភ័ណ្ឌ សមាជិកព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងព្រះរាជវង្សានុវង្ស និងនាហ្មឺនសព្វមុខមន្ត្រីព្រះបរមរាជវាំង។

គួររំលឹកថា ព្រះករុណា ព្រះបាទសម្តេចព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គប្រសូត នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ១៩២២ និងយាងសោយព្រះទិវង្គត នៅថ្ងៃ១៥ រោច ខែភទ្របទ ឆ្នាំរោង ចត្វាស័ក ព.ស ២៥៥៦ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ ដោយព្រះរោគាពាធ ក្នុងព្រះជន្មាយុ ៩០ ព្រះវស្សា នៅទីក្រុងប៉េកាំងនៃសាធារណរដ្ឋប្រជាមានិតចិន។ ក្រោមព្រះរាជហឬទ័យ ទុកដាក់ដ៏ខ្ពង់ខ្ពស់បំផុត នៃអង្គសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ និងព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ដោយមានការរួមដង្ហែថ្វាយនូវការគាំទ្រដ៏ខ្ពង់ខ្ពស់ពី សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការប្រារព្ធនូវរាល់ ព្រះរាជពិធីបុណ្យថ្វាយ មហាព្រះរាជកុសល ព្រះវិញ្ញាណក្ខ័ន្ធ និងព្រះរាជពិធីបុណ្យដ៏ល្អប្រពៃទៅតាមគន្លងប្រពៃណីដ៏រុងរឿងរបស់ប្រជាជាតិខ្មែរ ដើម្បីជាកិច្ចតបស្នងថ្វាយចំពោះ ព្រះរាជឧបក្ការៈគុណដ៏ធំធេងមិនអាចកាត់ថ្លៃបាន នៃអង្គសម្តេចឪ សម្តេចតា សម្តេចតាទួត ជាអម្ចាស់នៃយើង បានប្រព្រឹត្តទៅដោយភាពខ្ពង់ខ្ពស់បំផុត។

ក្នុងព្រះរាជកម្មវិធី នៃព្រះរាជពិធីបុណ្យខួប ប្រសូត និងខួបយាងសោយទិវង្គត នៃព្រះករុណា ព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឳកាសនេះ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ និងព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត រួមដង្ហែដោយ សម្តេចវិបុលសេនាភក្តី ប្រធានព្រឹទ្ធសភា និងលោកជំទាវ សម្តេចអគ្គមហាពញាចក្រី ប្រធានរដ្ឋសភា និងសម្តេចធម្មវិសុទ្ធវង្សា សម្តេចអគ្គមហាសេនាបតីតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានីហ៊ុនសែន ព្រមទាំងសម្តេចព្រះរាជវង្សានុវង្ស ថ្នាក់ដឹកនាំ និងនាហ្មឺនសព្វមុខមន្ត្រីព្រះបរមរាជវាំង បានយាង និងអញ្ជើញ ក្នុងព្រះរាជពិធីថ្វាយគ្រឿងសក្ការៈបូជា ថ្វាយចំពោះព្រះពុទ្ធរូប ស្នងអង្គព្រះសម្មាសម្ពុទ្ធ ព្រះបរមគ្រូនៃយើង និងថ្វាយព្រះបរមឆាយាលក្ខ័ណ៍ ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលបានតម្កល់សម្រាប់ គោរពបូជានៅក្នុងព្រះពន្លា នៃព្រះឧបោសថរតនារាម ព្រះកែវមរកតនេះ។ ក្នុងព្រះរាជកម្មវិធីបន្ត នៃព្រះរាជពិធីបុណ្យបានប្រកាសទូលឆ្លង ជនិងប្រារព្ធនូវបទនមស្សកា ព្រះរតនត្រ័យ ដើម្បីជាកិច្ចគោរព ចំពោះព្រះគុណបុណ្យដ៏ថ្លៃថ្លា របស់ព្រះពុទ្ធ ព្រះធម៌និងព្រះសង្ឃជាសាវ័ក និងបានសមាទានសីល ទៅតាមសិក្ខាបទ ដែលជាពុទ្ធបញ្ញាតិរបស់ព្រះសម្មាសម្ពុទ្ធជាអម្ចាស់នៃយើង ដើម្បីនាំមកនូវ សេចក្តីសុខ ចំរុងចំរើន ដល់បុគ្គល ក្រុមគ្រួសារ និងសង្គមជាតិ។ (សម្លេងដើម)

ព្រះរាជពិធីបុណ្យបានអារាធនា យាង និមន្ត សម្តេច ព្រះអភិសិរីសុគន្ធា មហាសង្ឃរាជាធិបតី កិត្តិឧទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជា សម្តេចព្រះពោធិវ័ង្ស អំ លឹមហេង សម្តេចព្រះសង្ឃនាយករងទី១នៃព្រះរាជាណាចក្រកម្ពុជា សម្តេចព្រះវ័នរតន៍កិត្តិឧទ្ទេសបណ្ឌិត ណយ ច្រឹក ព្រះសង្ឃនាយករងទី២នៃព្រះរាជាណាចក្រកម្ពុជា សម្តេចព្រះឧត្តមវង្សាកិត្តិបណ្ឌិត មួង រ៉ា ព្រះសង្ឃនាយករងទី៣នៃព្រះរាជាណាចក្រកម្ពុជា សម្តេចព្រះធម្មលិខិតបណ្ឌិត សៅរ៍ ចាន់ថុល្ល អនុប្រធានថេរសភានៃពុទ្ធសាសនានៅព្រះរាជាណាចក្រកម្ពុជា សម្តេច ព្រះឧត្តមបញ្ញា ដូងផង់ សមាជិកថេរសភាសង្ឃនៃគណៈមហានិកាយ សម្តេចព្រះឧត្តមចរិយា ឈឹង ប៊ុនឈា សមាជិកថេរសភាសង្ឃ សម្តេចព្រះពុទ្ធជ័យមុនី ឃឹមសន ព្រះមេគណរាជធានីភ្នំពេញ ព្រមទាំងព្រះរាជាគណៈឋានានុក្រម និងមន្ត្រីសង្ឃទាំង២គណៈ យាង និងនិមន្តមកពីទីអារាមនានា ក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត សរុបមាន១០០ ព្រះអង្គស្វាធ្យាយ ព្រះបរិត្ត វេរភត្តាហារ ភត្តានុមោទនា ថ្វាយមហាព្រះរាជកុសល ព្រះវិញ្ញាណក្ខ័ន្ធ ព្រះករុណា ព្រះបរមរតនកោដ្ឋ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។(សម្លេងដើម)

បង្សុកូលនៅចេតិយ៖

បន្ទាប់មកព្រះរាជពិធីបុណ្យបានយាងនិមន្ត សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធបតី សម្តេចព្រះសង្ឃ ព្រះរាជាគណៈ និងព្រះមន្ត្រីសង្ឃទាំង១០០ព្រះអង្គ ថ្វាយព្រះសត្តប្បករណាភិធម្ម បង្សុកូល ថ្វាយព្រះវិញ្ញាណក្ខ័ន្ធ ព្រះករុណា ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅព្រះចេតិយគន់ធបុប្ជា ជាទីសក្ការៈតម្កល់ព្រះបរមអដ្ឋិព្រះអង្គ។ (សម្លេងដើមសង្ឃសូត្រធម៌)

លែងចាប៖

ព្រះរាជពិធីបុណ្យ ថ្វាយមហាព្រះរាជកុសលដ៏ឧត្តុងឧត្តមនេះ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ និងព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឬទ័យប្រោសព្រះរាជទាននូវការដោះលែងហ្វូងសត្វបក្សី ឲ្យបានរស់រាន្តមានជីវិត និងមានសេរីភាពជាថ្មីឡើងវិញ។ មហាព្រះរាជកុសលដ៏ថ្លៃថ្លានេះ សូមឧទ្ទិសថ្វាយដួងព្រះវិញ្ញាណក្ខ័ន្ធ ព្រះករុណាព្រះបរមរតនកោដ្ឋ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានយាងគង់ប្រថាប់ក្នុងសម្បត្តិសួគ៌ និងសម្បត្តិព្រះបរិនិព្វាន្ត ជាឋានប្រកបដោយព្រះបរមសុខដ៏ខ្ពង់ខ្ពស់បំផុត និងសូមឲ្យជនរួមជាតិយើង បានជួបប្រទះតែសេចក្តីសុខ ចំរុងចម្រើនគ្រប់ប្រការនៅគ្រប់ទិវារាត្រី។

ព្រះរាជពិធីបុណ្យថ្វាយមហាព្រះរាជកុសលនៅព្រឹកថ្ងៃនេះដែរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ និងព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត រួមដង្ហែដោយ សម្តេចជាព្រះរាជវង្សានុវង្ស និងសម្តេចជាថ្នាក់ដឹកនាំកំពូលរបស់ជាតិ បានយាង និងអញ្ជើញថ្វាយគ្រឿងសក្ការៈបូជា ចំពោះព្រះពុទ្ធរូប និងថ្វាយព្រះបរមអដិ្ឋ ព្រះករុណា ព្រះបរមរតនកោដ្ឋ ដែលបានតម្កល់នៅក្នុងព្រះចេតិយគន់ធបុប្ជា ក្នុងព្រះឧបោសថរតនារាម ព្រះកែវមរកតនេះ។ ព្រះរាជហឬទ័យទុកដាក់ដ៏ខ្ពង់ខ្ពស់នៃអង្គ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ និងព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រមទាំងព្រះរាជវង្សានុវង្ស និងការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ថ្នាក់ដឹកនាំ កំពូលជាតិ ក្នុងព្រះរាជពិធីបុណ្យតាមព្រះរាជបវេណីដ៏ថ្កើងថ្កាន របស់ព្រះមហាក្សត្រខ្មែរ ក្នុងឳកាសនេះ គឺជាកតញ្ញូកតវេទិតាធម៌ ប្រកបដោយការគោរពដ៏ខ្ពង់ខ្ពស់ ថ្វាយព្រះមហាករុណាទិគុណដ៏ប្រសើរថ្លៃថ្លា របស់ព្រះករុណាព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ដែលសម្តេចព្រះវររាជមាតាជាតិខ្មែរ និងព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ ព្រមទាំងព្រះរាជវង្សានុវង្ស និងប្រជាជាតិកម្ពុជាទាំងមូល មានសេចក្តីនឹករលឹក សោកស្តាយរកអ្វីប្រៀបផ្ទឹម ពុំបានជាមួយនឹងសេចក្តីអំណរព្រះរាជគុណជាអនេកប្បកា គ្មានថ្ងៃបំភ្លេចបាន ចំពោះព្រះរាជឧបក្ការៈគុណ ដ៏ធ្ងន់បំផុត តាមរយៈស្នាព្រះហស្ថដ៏ឧត្តុងឧត្តមជាប្រវត្តិសាស្ត្រ របស់ព្រះករុណាព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងមួយព្រះជន្មព្រះអង្គបានគិតគូពីឧត្តមប្រយោជន៍ជាតិ លើសអ្វីៗទាំងអស់ ក្នុងនោះព្រះអង្គបានបំពេញព្រះរាជបូជនីយកិច្ចទាមទារបានមកវិញនូវឯករាជ្យ បូរណភាពទឹកដីខ្មែរ បានគង់វង្ស ព្រះអង្គមានព្រះរាជតម្រិះដ៏ភ្លឺស្វាងបំផុត ក្នុងព្រះរាជកិច្ចផ្សះផ្សា បង្រួបបង្រួមជាតិ ឯកភាពជាតិ និង ព្រះរាជកិច្ចស្ថាបនា ព្រះរាជសមិទ្ធិផល កសាងសង្គម ឲ្យមានការរីកចំរើន តាំងពីក្នុងសម័យសង្គមរាស្ត្រនិយមដ៏រុងរឿងរហូត ដល់សម័យកាលបច្ចុប្បន្ន។ មិនតែប៉ុណ្ណោះ សម្តេចឪ សម្តេចតា សម្តេចតាទួត ជាអម្ចាស់នៃយើង ព្រះអង្គមានព្រះរាជហឬទ័យ ទុកដាក់គ្រប់ពេលវេលា ក្នុងព្រះរាជកិច្ចរួមសុខ រួមទុក្ខ ជាមួយនិងទុក្ខលំបាករបស់ប្រជារាស្ត្រទីទ័លក្រ ប្រជារាស្ត្រជួបការលំបាក ដោយប្រការផ្សេងៗ នៅទូទាំងប្រទេសធ្វើឲ្យកូនចៅ ចៅទួតរបស់ព្រះអង្គបានរស់ នៅប្រកបដោយភាពសុខដុមរមនា។

ក្នុងព្រះរាជកម្មវិធីដ៏វិសេសវិសាលបន្ទាប់មកទៀត នៃព្រះរាជពិធីបុណ្យ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ និងព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត រួមដង្ហែដោយថ្នាក់ដឹកនាំកំពូលរបស់ជាតិ ព្រមទាំងព្រះរាជវង្សានុវង្ស ថ្នាក់ដឹកនាំ និងនាហ្មឺនសព្វមុខមន្ត្រីព្រះបរមរាជវាំង បានយាង និងអញ្ជើញក្នុងព្រះរាជពិធី ព្រះសង្ឃគោចរបិណ្ឌបាត្រ ថ្វាយប្រគេន ភត្តាហារ ចង្ហាន់ ត្រ័យលៀង ទេយ្យទាន និងបវរណាចតុបច្ច័យ ចំពោះសម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធបតី សម្តេចព្រះសង្ឃ ព្រះរាជាគណៈ និងព្រះមន្ត្រីសង្ឃទាំង១០០ព្រះអង្គ ។

សូមឧទ្ទិសថ្វាយនូវមហាព្រះរាជកុសលដ៏ខ្ពង់ខ្ពស់កើតឡើងពីព្រះរាជសទ្ធាដ៏ជ្រះថ្លា នៃអង្គសម្តេច ព្រះ មហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ និងព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីបុណ្យដ៏ឧត្តុងឧត្តមនេះថ្វាយ ព្រះវិញ្ញាណក្ខ័ន្ធ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តមសីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានយាងសោយព្រះទិវង្គត ទៅកាន់បរលោក ឯនាយខាងមុខហើយនោះ សូមព្រះវិញ្ញាណក្ខ័ន្ធ ព្រះអង្គបានយាងគង់ប្រថាប់សោយសុខក្នុង ព្រះសុគតិភព ប្រកបដោយសម្បត្តិសួគ៌ និងសម្បត្តិព្រះនិព្វាន្ត ជាឋានបរមសុខដ៏ខ្ពង់ខ្ពស់បំផុត។

ម្យ៉ាងវិញទៀត ដោយអំណាចនៃព្រះមហាករុណាទិគុណចំពោះ ជាតិមាតុភូមិ និងប្រជារាស្ត្រកម្ពុជា ព្រមទាំងព្រះគុណបុណ្យ ព្រះតេជៈបារមីដ៏ខ្ពង់ខ្ពស់ របស់ព្រះករុណាព្រះវររាជបិតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គប្រោសព្រះរាជទាននូវការជួយទ្រទ្រង់រក្សាព្រះរាជាណាចក្រកម្ពុជា និងជនរួមជាតិជាកូនចៅ ចៅទួតរបស់ព្រះអង្គ សូមបានប្រកបតែនឹងសេចក្តីសុខ សុភមង្គលត្រជាក់ត្រជុំ ចំរុងចំរើន ជាដរាបតរៀងទៅ៕

អត្ថបទដែលទាក់ទង

ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm       
រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត

2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm