WHO៖ កាលពីថ្ងៃសុក្រម្សិលមិញ អង្គការសុខភាពពិភពលោកបានថ្កោលទោស វិសមភាពរវាងប្រទេសអ្នកមាន និងប្រទេសក្រីក្រក្នុងការទទួលបានវ៉ាក់សាំងបង្ការជំងឺ COVID-19 ដោយនិយាយថា មានប្រទេសជាង ២០ នៅតែមិនទាន់ទទួលបានការការពារទាំងស្រុង។

ប្រមុខអង្គការសុខភាពពិភពលោកគឺលោក Tedros Adhanom Ghebreyesus បានរិះគន់ខ្លាំងៗដល់បណ្ដាប្រទេសមានទ្រព្យសម្បត្តិស្ដុកស្ដម្ភ ដែលកំពុងទិញវ៉ាក់សាំងផ្គត់ផ្គង់តែប្រទេសខ្លួនឯង ដែលធ្វើឲ្យខ្វះខាតដូសវ៉ាក់សាំងសម្រាប់ប្រទេសក្រីក្រនានា។ គោលដៅរបស់លោកដែលថានឹងបានឃើញការចាក់វ៉ាក់សាំង ដំណើរការនៅគ្រប់ប្រទេសទាំងអស់នៅត្រឹមថ្ងៃសៅរ៍ ដែលជាថ្ងៃទី១០០ ក្នុងឆ្នាំ២០២១ ទំនងជានឹងមិនអាចឡើយ។ លោក Tedros បានប្រាប់សន្និសីទព័ត៌មានថា នៅតែមិនទាន់មានតម្លាភាពក្នុងការបរិច្ចាគវ៉ាក់សាំងសកល។
លោកថា ក្នុងចំណោមប្រទេស ២២០ មានប្រទេសចំនួន ១៩៤ បានចាប់ផ្ដើមចាក់វ៉ាក់សាំង ចំណែកឯប្រទេស ២៦ ក្នុងនោះមានប្រទេសចំនួន ៧ បានទទួលដូសវ៉ាក់សាំង និងកំពុងត្រៀមចាប់ផ្ដើមចាក់ រីឯប្រទេស ៥ទៀតគួរតែទទួលបានវ៉ាក់សាំងវគ្គដំបូងរបស់ខ្លួន នៅក្នុងពេលប៉ុន្មានថ្ងៃខាងមុខ។ ដោយនៅសល់ប្រទេសចំនួន ១៤ ប្រទេសខ្លះមិនទាន់បានស្នើវ៉ាក់សាំងតាមរយៈគម្រោងចែកចាយវ៉ាក់សាំង COVAX នៅឡើយទេ ប្រទេសខ្លះមិនទាន់រួចរាល់ និងប្រទេសខ្លះគ្រោងនឹងចាប់ផ្ដើមក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ និងប៉ុន្មានខែខាងមុខ៕
អត្ថបទ៖ សុខមាន