
ភ្នំពេញ៖ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំពីធីសន្និបាតលើកទី២៧ និង ការបោះឆ្នោតជ្រើសតាំងប្រធានគណៈមេធាវីអាណត្តិទី១៤ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២ នៅសណ្ឋាគារសុខាភ្នំពេញក្រោមវត្តមានឯកឧត្តម លី ចន្ទ័តុលា ប្រធានគណៈមេធាវីអាណត្តិទី១៣ ដោយមានការចូលរួមពីក្រុមប្រឹក្សា និង សមាជិក សមាជិកា ជាមេធាវីជាង ១ពាន់នាក់ទូទាំងប្រទេសកម្ពុជា។
ឆ្លងកាត់ការបោះឆ្នោតស្របតាមច្បាប់ស្តីពីលក្ខន្តិកៈមេធាវី នៅថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០២២នេះ ឯកឧត្តម លី ចន្ទ័តុលា នៅតែទទួលបានការគាំទ្រច្រើនលើសលុបរហូតដល់ ៩៨,៥៨%នៃចំនួនអ្នកមកបោះឆ្នោតសរុប ២០៤៥ មានន័យថា អ្នកគាំទ្រចំនួន ២០១៦នាក់ និង សន្លឹកឆ្នោតមិនបានការចំនួន២៩សន្លឹក បើធៀបទៅនឹងការបោះឆ្នោតកាលពីឆ្នាំ២០២០ អាណត្តិទី១៣ គឺមានចំនួនអ្នកគាំទ្រចំនួន ១៤៤៤សំឡេង ស្មើនឹង៨៥%។
ទោះបីជាមិនមានបេក្ខភាពផ្សេងទៀត ចូលរួមប្រកួតប្រជែង ប៉ុន្តែការបោះឆ្នោតជ្រើសតាំងប្រធានគណៈមេធាវីអាណត្តិទី១៤ នៅតែប្រព្រឹត្តិទៅតាមនីតិវិធីធម្មតា។
ឯកឧត្តម លីចន្ទ័តុលា បានមានប្រសាសន៍ថា នេះជាប្រវត្តិសាស្រ្តមួយសម្រាប់គណៈមេធាវីដែលការបោះឆ្នោតជ្រើសតាំងប្រធានគណៈមេធាវី មានបេក្ខភាពតែម្នាក់នៅអាណត្តិទី១៤នេះ ដែលសបញ្ជាក់ថា ក្រោមការដឹកនាំរបស់ឯកឧត្តម កាលពីអាណត្តិទី១៣ គឺមេធាវីទាំងអស់មានការពេញចិត្ត និងគាំទ្រទៅតាមគោលនយោបាយដែលឯកឧត្តមបានដាក់ចេញ ហើយអនុវត្តបានយ៉ាងជោគជ័យដើម្បីឧត្តមភាព និងកិត្យានុភាពវិជ្ជាជីវៈ មេធាវីនៃព្រះរាជាណាចក្រកកម្ពុជា។
ឯកឧត្តម លី ចន្ទ័តុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាអាណត្តិទី១៤ បានមានប្រសាសន៍ថា រយៈពេល២ឆ្នាំកន្លងមកក្រោមអាណត្តិដឹកនាំរបស់ឯកឧត្តមផ្ទាល់គឺបានប្រឹងប្រែងជម្នះរាល់ឧបសគ្គក្នុងការអនុវត្តគោលនយោបាយ និងបេសកកម្មដែលបានដាក់ចេញសម្រាប់ដឹកនាំគណៈមេធាវី ដោយបានលះបង់ពេលវេលានិងកម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតីក្នុងការបំពេញការងារ ដើម្បីសម្រេចឱ្យបាននូវសមិទ្ធផលថ្មីៗ និងដើម្បីលើកកម្ពស់ឧត្តមភាពនិងកិត្យានុភាពនៃវិជ្ជាជីវៈមេធាវី ពង្រឹងសាមគ្គីភាពផ្ទៃក្នុង សេចក្តីថ្លៃថ្នូរ និងក្រមសីលធម៌មេធាវី ជាពិសេសធានាឱ្យបាននូវផលប្រយោជន៍របស់មេធាវី និងការទទួលស្គាល់តួនាទីមេធាវីក្នុងសង្គម ទាំងក្នុងក្របខ័ណ្ឌជាតិ និងអន្តរជាតិ។
ឯកឧត្តម បានបន្ថែមថា សមិទ្ធផលជាច្រើនដែលសម្រេចបានជាឧត្តមប្រយោជន៍របស់គណៈមេធាវី និង វិជ្ជាជីវៈមេធាវីនៅ១អាណត្តិកន្លងមកនេះ អាចកើតមានបានអាស្រ័យដោយការចូលរួមនិងកិច្ចសហការយ៉ាងល្អពីសំណាក់សមាជិកសមាជិកាក្រុមប្រឹក្សាគណៈមេធាវី សហភាតាមេធាវីទាំងអស់ថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់នៃគណៈមេធាវីនិងមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី។
សូមបញ្ជាក់ថា យោងតាមច្បាប់ស្តីពីលក្ខន្តិកៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាបានចែងថា ការបោះឆ្នោតត្រូវរៀបចំឡើងដោយមហាសន្និបាតនៃគណៈមេធាវី២ឆ្នាំម្តង ហើយការបោះឆ្នោតនេះត្រូវប្រព្រឹត្តិទៅជាសម្ងាត់ និងជាឯកនាម ដោយយកតាមសម្លេងភាគច្រើនដាច់ខាត។
ប្រធានគណៈមេធាវីម្នាក់អាចឈរឈ្មោះបានត្រឹមតែ២អាណត្តិតែប៉ុណ្ណោះ ដូច្នេះមានន័យថានេះគឺជាអាណត្តិទី២និងចុងក្រោយរបស់ឯកឧត្តម លី ចន្ទ័តុលាចាប់ពីឆ្នាំ ២០២២ ដល់ឆ្នាំ២០២៤៕ អត្ថបទ៖សូដាវណ្ណ



