
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាថ្លែងបញ្ជាក់ថា នៅអាស៊ាន មានសោកនាថកម្មធំៗចំនួន៣ រួចមកហើយ នៅឆ្នាំ២០២២នេះ ក្នុងនោះមានការរត់ជាន់គ្នានៅឥណ្ឌូនេស៊ី, ករណីបាញ់ប្រហារនៅប្រទេសថៃ និងករណីលិចទូកដចម្លង នៅប្រទេសកម្ពុជា ដែលទាមទារអោយយើងប្រុងប្រយ័ត្នខ្ពស់លើសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះ ក្នុងឱកាសដែលសម្ដេច អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យជាតិគ្រប់គ្រងប្រមាណជាង ៦ពាន់នាក់ នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២នេះ។
សម្តេចតេចតេជោ ហ៊ុន សែន បានសម្តែងសមានទុក្ខ និងស្មឹងស្មាត គោរពវិញ្ញាណក្ខន្ធកុមារា កុមារី ដែលទទួលមរណភាពដោយលិចទូក-ដចម្លង កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ នៅឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល។
ជាមួយគ្នានេះដែរសម្តេចតេជោ ហ៊ុន សែន នៅតែបន្តអំពាវនាវដល់ប្រជាពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ ចំពោះសុវត្ថិភាពខ្លួនឯង ហើយអាជ្ញាធរក៏ប្រឹងប្រែងដើម្បីប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋរស់នៅតាមដងទន្លេ ស្ទឹង ដែលត្រូវឆ្លងទឹក ដើម្បីប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃ។



