រដ្ឋបាលខេត្តព្រៃវែងបានរៀបចំពិធីបុណ្យអុំទូករយៈពេលពីរថ្ងៃ ចាប់ថ្ងៃទី១៥-១៦ ខែតុលា ឆ្នាំ២០២២ និងបានប្រព្រឹត្តទៅដោយរលូន ក្រោមវត្តមានអញ្ជើញបិទដោយសម្តេចក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាល្ងាចថ្ងៃបញ្ចប់ទី១៦តុលា។ តាមរយៈពិធីប្រណាំងទូកនេះ ខេត្តទទួលបានភ្ញៀវទេសចរផ្ទៃក្នុងប្រមាណជិត ៧ម៉ឺននាក់។ នេះបើយោងតាម លោក ទឹម ទេពវង្សា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រៃវែង បានប្រាប់ឲ្យដឹងកាលពីល្ងាច ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២។
បើតាម លោក ទឹម ទេពវង្សា ពិធីអុំទូក២ថ្ងៃនោះ គឺមានទូកងចូលរួមប្រមាណជាង ២០គូ ក្នុងនោះថ្ងៃទី១ទទួលបានភ្ញៀវចំនួនជាង ២៥,០០០នាក់ និងថ្ងៃទី២ទទួលបានជាង ៤២,៥០០នាក់ តាមបឋមគឺទទួលបានសរុប ៦៧,៥០០នាក់។






