ប៉េតង់៖ ឯកឧត្តម សុខ សូកាន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា បានអំពាវនាវដាច់ខាតកុំឲ្យមានការរើសអើសរវាងកីឡាករ-កីឡាការិនីជ័យលាភី និងអ្នកពុំទទួលបានជ័យលាភី ផ្ទុយទៅវិញត្រូវលើកទឹកចិត្ត និងបន្ដការខិតខំប្រឹងប្រែង ដើម្បីមានឱកាសបង្ហាញសមត្ថភាពក្នុងការប្រកួតបន្ដបន្ទាប់កាន់តែប្រសើរ ទាំងថ្នាក់ជាតិ និងអន្ដរជាតិ។
ការគូសបញ្ជាក់នេះធ្វើឡើងក្នុងការប្រកួតកីឡាប៉ូល និងប៉េតង់ជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២២ ដែលបានប្រព្រឹត្តទៅរយៈពេល ២ថ្ងៃកាលពីថ្ងៃទី១៥ និងថ្ងៃទី១៦ ខែតុលាចុងសប្ដាហ៍កន្លងទៅនៅពហុកីឡដ្ឋានជាតិ ដោយមានប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីចូលរួមសរុប ១២៤នាក់មកពី ១៧សមាគម/ក្លិបទូទាំងប្រទេស បន្ទាប់ពីបញ្ចប់ការប្រកួតជម្រុះតាមតំបន់ចំនួន ៥ និងស្ថាប័នចំនួន ៤ កាលពីថ្មីៗ។ ប្រមុខសហព័ន្ធដដែលបានវាយតម្លៃខ្ពស់ ចំពោះការប្រកួតនេះ ដែលប្រជុំដោយកីឡាករ-កីឡាការិនីជើងខ្លាំងប្រចាំតំបន់ និងស្ថាប័នមកចូលរួមប្រកួត ដែលជាឱកាសសម្រាប់សហព័ន្ធក្នុងការសម្លឹងមើលធនធានកីឡាករ-កីឡាការិនីឆ្នើមៗដើម្បីយកមកបណ្ដុះបណ្ដាល និងស្នងតំណែងរាមច្បង ក៏ដូចជាត្រៀមចូលរួមការប្រកួតជាតិ និងអន្ដរជាតិនានានៅថ្ងៃអនាគត ពិសេសព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា។
ឆ្លៀតឱកាសនោះឯកឧត្តមបានសង្កត់ធ្ងន់ថា ការប្រកួតកីឡាតែងមានឈ្នះ និងចាញ់ ហេតុនេះត្រូវចៀសវាងឲ្យផុតនូវការរើសអើងចំពោះអ្នកទទួលបានជ័យលាភី ឬពុំទទួលបានជ័យលាភី ដែលផ្ទុយពីស្មារតីកីឡា។ ផ្ទុយទៅវិញត្រូវផ្ដល់នូវការសាទរ និងលើកទឹកចិត្ត ចំពោះអ្នកដណ្ដើមបានជ័យលាភី ដែលមានសមត្ថភាពខ្ពស់ប្រកបដោយស្មារតីសាមគ្គីភាព ក្នុងនាមមហាគ្រួសារកីឡាប៉េតង់តែមួយ។ រីឯអ្នកពុំទទួលបានជ័យលាភីក៏ត្រូវបន្ដការខំប្រឹង ដើម្បីត្រៀមការប្រកួតប្រជែងជាបន្ដបន្ទាប់ទៀត។ ឆ្លងកាត់ការប្រកួតដ៏ស្វិតស្វាញរយៈពេល ២ថ្ងៃដែលធ្វើការប្រកួតលើ ៥វិញ្ញាសា ជាលទ្ធផលសម្ព័ន្ធកីឡាប៉ូល និងប៉េតង់ក្រសួងការពារជាតិ ដណ្ដើមបានមេដាយច្រើនជាងគេមានមេដាយមាស ២ និងប្រាក់ ១ ខណៈក្រសួងមហាផ្ទៃឈរលេខ២ ដណ្ដើមបានមេដាយមាស ១ ប្រាក់ ១ និងសំរឹទ្ធ។ រីឯទីស្ដីការគណៈរដ្ឋមន្ដ្រីឈរលេខ៣ ដណ្ដើមបានមេដាយមាស ១ និងសំរឹទ្ធ ២ និងសម្ព័ន្ធកីឡាប៉ូល និងប៉េតង់សម្ដេចវិបុលបញ្ញា សុខ អាន ខេត្តតាកែវ ដណ្ដើមបានមេដាយមាស ១ និងសំរឹទ្ធ ១ ឈរចំណាត់ថ្នាក់លេខ៤៕
អត្ថបទ៖ លី ឈុនឡា