ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្រកាសជាថ្មីដល់បក្សនយោបាយនានាក្នុងស្រុក ដែលភ្ជាប់ខ្លួនជាមួយជនមានទោស ឈ្មោះ សម រង្ស៊ី នឹងត្រូវមានវិធានការតាមច្បាប់ដោយគ្មានការលើកលែង។ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា «ត្រកូលអាក្បត់ជាតិ៣ជំនាន់ នឹងមិនត្រូវលើកលែង អត់ឱនឡើយ»។
ថ្លែងក្នុងពិធីសំណេះសំណាល និងប្រគល់សញ្ញាបត្រដល់សាកលវិទ្យាល័ជាតិគ្រប់គ្រងនៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន ព្រមានដល់ក្រុមប្រឆាំងក្រៅស្រុកដឹកនាំដោយបុគ្គលទណ្ឌិតរត់ចោលស្រុកឈ្មោះ សម រង្ស៊ី បើចិត្តសឿងសូមតតាំងគ្នានៅអឺរ៉ុប ក្នុងពេលសម្តេចធ្វើដំណើរទៅព្រុចសែល ប្រទេសប៊ែលហ្សិក នាពេលឆាប់ៗខាងមុខនេះ។
សម្តេចតេជោ ហ៊ុន សែន ប្រកាសថា សម្តេចមិនដែលហាមឃាត់មិនឱ្យមានយន្តហោះដឹកទណ្ឌិត សម រង្ស៊ី មកកម្ពុជានោះទេ តែបើមកដល់កម្ពុជាពេលណា ទណ្ឌិតរូបនោះនឹងត្រូវចាប់បញ្ជូនចូលគុកតែម្តង ព្រោះសាលក្រមតុលាការស្ថាបពរនៅមានជាធរមាននៅឡើយទេ។
សម្តេចតេជោ ហ៊ុន សែន ប្រកាសថា សម្តេចមិនចង់និយាយដល់បុគ្គលទណ្ឌិតរូបនោះឡើយ តែអ្វីដែលសម្តេចលើកឡើងនាពេលនេះ ដើម្បីពន្យល់ទៅកាន់ប្រជាពលរដ្ឋកម្ពុជា អំពីពុតត្បុតដ៏មហាអាក្រក់របស់បុគ្គលនោះចំពោះជាតិ និងប្រជាជនកម្ពុជាតែប៉ុណ្ណោះ៕
