ស៊ីហ្គេម៖ គិតត្រឹមថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ នេះ កម្ពុជានៅសល់ ២០០ថ្ងៃគត់សម្រាប់ការត្រៀមធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ ស្របពេលកីឡា ៣៨ប្រភេទលើ ៦០៨វិញ្ញាសាត្រូវបានអនុម័តរួចរាល់ ដាក់ក្នុងកម្មវិធីប្រកួតនៃព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រលើកដំបូងនៅកម្ពុជានេះ។
ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ដ្រៃយ៍ នៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានចាត់ទុកថ្ងៃនេះគឺជាថ្ងៃប្រវត្តិសាស្ដ្រមួយនៃដំណើរឆ្ពោះទៅឆ្នាំ២០២៣ ដ្បិតគណៈកម្មាធិការជាតិ CAMSOC បានសម្រេចការងារសំខាន់ៗជាច្រើន ដើម្បីស្វាគមន៍ព្រឹត្តិការណ៍ដែលកម្ពុជាទន្ទឹងរង់ចាំអស់ ៦៤ឆ្នាំនេះ។ នេះបើតាមការបញ្ជាក់ក្នុងសន្និសីទសារព័ត៌មាន ស្ដីពីការប្រកាសវឌ្ឍនភាពការងាររបស់ CAMSOC និងការប្រកាសផ្សព្វផ្សាយការរាប់ថយក្រោយ ២០០ថ្ងៃត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ ដើម្បីដំណើរឆ្ពោះទៅស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាកាលពីចុងសប្ដាហ៍កន្លងទៅ។ ដោយឡែកឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិ CAMSOC បានឲ្យដឹងថា មកទល់ពេលនេះ ក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍បានអនុម័តរួចរាល់លើប្រភេទកីឡា និងវិញ្ញាសាសម្រាប់ការប្រកួតស៊ីហ្គេមនៅកម្ពុជាហើយគឺមានកីឡាចំនួន ៣៨ប្រភេទ និងញ្ញាសាចំនួន ៦០៨វិញ្ញាសា។
រីឯប្រភេទកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ក៏បានអនុម័តរួចរាល់ដែរមានចំនួន ១៣ប្រភេទកីឡា តែមិនទាន់សម្រេចលើវិញ្ញាសាប្រកួតនោះទេ។ ក្នុងឱកាសសល់ ២០០ថ្ងៃនៃដំណើរឆ្ពោះទៅព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រនៅកម្ពុជានេះ ឯកឧត្តមបណ្ឌិត ថោង ខុន បានអំពាវនាវឲ្យគ្រប់ភាគីពាក់ព័ន្ធ ពិសេសប្រជាពលរដ្ឋបន្ដរួមសហការគ្នាក្នុងការត្រៀមខ្លួនឲ្យបានល្អប្រសើរ ដើម្បីស្វាគមន៍ប្រតិភូកីឡា ក៏ដូចជាភ្ញៀវទេសចរអន្ដរជាតិរាប់ម៉ឺននាក់ដែលនឹងមកទស្សនាកម្សាន្ដ ក៏ដូចជាអបរសាទរកម្ពុជាក្នុងការរៀបចំការប្រកួតស៊ីហ្គេម-អាស៊ានប៉ាហ្គេមឆ្នាំ២០២៣ ដូចជារៀបចំតុបតែងក្នុងការជំរុញបរិស្ថានស្អាត និងបៃតងជាដើម។ គួរដឹងថា ស៊ីហ្គេមលើកទី៣២ នៅកម្ពុជានឹងប្រព្រឹត្តទៅពីថ្ងៃទី០៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ដែលគិតត្រឹមថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ រហូតដល់ថ្ងៃពិធីបើកព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រនេះគឺនៅសល់ ២០០ថ្ងៃគត់។ បន្ទាប់មកកម្ពុជានឹងបន្ដរៀបចំការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី០៣ ដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខ។
ចំពោះ ៣៨ប្រភេទកីឡាដែលត្រូវបានអនុម័តដាក់ក្នុងកម្មវិធីប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ រួមមាន៖ ១. អត្តពលកម្ម (Track&Field និង ម៉ារ៉ាតុង), ២. កីឡាលើទឹក (ហែលទឹក, លោតទឹក, បាល់ទឹក និងហែលទឹកជើងទា), ៣. វាយសី, ៤. បាល់បោះ (៥×៥ និង ៣×៣), ៥. ប៊ីយ៉ា ស្នូកឃ័រ, ៦. ប្រដាល់សកល, ៧. កាយវប្បកម្ម, ៨. អុក (អុកចត្រង្គ និងអុកចិន), ៩. ទោចក្រយាន (កង់គួក និងកង់ភ្នំ), ១០. គ្រីឃីត (T20/Sixes និង T50/T20), ១១. កីឡារាំ, ១២. កីឡាអេឡិចត្រូនិក, ១៣. គុនដាវ, ១៤. Floorball, ១៥. បាល់ទាត់ (បុរស-នារី), ១៦. វាយកូនគោល, ១៧. កាយសម្ព័ន្ធ (Aerobic និង Artistic), ១៨. ហុកគី (រួមបញ្ចូលក្នុងសាល និងក្រៅសាល), ១៩. ម៉ូតូទឹក, ២០. យូដូ, ២១. ការ៉ាតេ, ២២. យុទ្ធគុនចម្រុះ (គុនល្បុក្កតោ, Arnis គុនដំបងរបស់ហ្វីលីពីន, ជឺជីតស៊ូ, ឃីកបុកសីង, វ៉ូវីណាម, គុនខ្មែរ), ២៣. កីឡាឧបសគ្គ, ២៤. បញ្ចសីលា, ២៥. ប៉េតង់, ២៦. ទូកក្ដោង, ២៧. សីដក់, ២៨. សូហ្វតេន្នីស, ២៩. វាយកូនឃ្លីលើតុ, ៣០. តេក្វាន់ដូ WT, ៣១. វាយកូនបាល់, ៣២. ប្រណាំងទូកប្រពៃណី, ៣៣. ទ្រីយ៉ាត្លុង (រួមទាំង អាគ័រត្លុង និងឌូអាត្លុង), ៣៤. បាល់ទះ (ក្នុងសាល និងលើឆ្នេរខ្សាច់), ៣៥. លើកទម្ងន់, ៣៦. ចំបាប់, ៣៧. វ៉ូស៊ូ និង៣៨ គឺជាកីឡាសម្ដែង (Demonstration Sport) ដែលមានជាលើកដំបូងនោះគឺកីឡា Teqball៕
អត្ថបទ៖ លី ឈុនឡា