អ៊ីរ៉ង់៖ ប្រធានាធិបតីអ៊ីរ៉ង់លោក Ebrahim Raisi បានចោទប្រកាន់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ពីបទញុះញង់ឲ្យមានភាពចលាចល បន្ទាប់ពីលោកបានបង្ហាញការគាំទ្រការតវ៉ាប្រឆាំងនឹងការស្លាប់របស់ស្ត្រីវ័យក្មេង Mahsa Amini ជាស្ត្រីម្នាក់ដែលបានស្លាប់ក្នុងពេលរដ្ឋាភិបាលអ៊ីរ៉ង់ ឃាត់ខ្លួនសាកសួរជិតមួយខែមកនេះ។

ការតវ៉ាបានចាប់ផ្ដើមកាលពីពាក់កណ្ដាលខែកញ្ញា បន្ទាប់ពីនាង Amini វ័យ ២២ឆ្នាំបានស្លាប់ក្រោយការឃាត់ខ្លួន ៣ថ្ងៃរបស់នគរបាលផ្នែកសីលធម៌អ៊ីរ៉ង់ ពីបទបំពានច្បាប់ស្លៀកពាក់ដ៏តឹងរ៉ឹងសម្រាប់ស្ត្រី។ លោក Raisi បាននិយាយថា ការធ្វើអត្ថាធិប្បាយរបស់ប្រធានាធិបតីអាមេរិក ដែលកំពុងញុះញង់ឲ្យមានភាពចលាចល ភេរវកម្ម និងការបំផ្លិចបំផ្លាញប្រទេសដទៃ គឺចង់រំឭកដល់ពាក្យសម្ដីគ្មានព្រំដែនរបស់ស្ថាបនិកសាធារណរដ្ឋអ៊ីស្លាម ដែលហៅបានអាមេរិកថាជាសាតាំងដ៏ធំ (Great Satan) ដោយចង់សំដៅដល់សម្ដីដែលលើកឡើងដោយអតីតមេដឹកនាំកំពូលអ៊ីរ៉ង់លោក Ayatollah Ruhollah Khomenei។

យោងតាមសេចក្ដីថ្លែងការណ៍មួយចេញពីការិយាល័យប្រធានាធិបតីលោក Raisi បាននិយាយថា ផែនការរបស់សត្រូវត្រូវតែទប់ទល់ដោយវិធានការមានប្រសិទ្ធភាព ក្នុងដោះស្រាយបញ្ហារបស់ប្រជាជន។ ក្រុមអ្នកឃ្លាំមើលសិទ្ធិមនុស្សបាននិយាយកាលពីថ្ងៃសុក្រសប្ដាហ៍មុនថា កងកម្លាំងសន្តិសុខអ៊ីរ៉ង់បានសម្លាប់មនុស្ស ២២៤នាក់រួមទាំងអនីតិជន ២៩នាក់ក្នុងការតវ៉ាប្រឆាំងរដ្ឋាភិបាល ដែលបានផ្ទុះឡើងកាលពីខែមុន ក្រោយការស្លាប់របស់នាង Mahsa Amini៕
អត្ថបទ៖ សុខមាន