បាល់ទាត់៖ គ្មានឡើយក្រុមដែលលេងមិនចាញ់រដូវកាលនេះ បន្ទាប់ពីក្រុមហង្សក្រហម Liverpool យកឈ្នះ Manchester City ១-០ នៅកីឡដ្ឋាន Anfield។ Manchester City ជាក្រុមតែមួយគត់ដែលលេងមិនទាន់ចាញ់ក្នុងរដូវកាលនេះ តែអ្វីៗត្រូវបានបញ្ចប់ត្រឹមនាទីទី៧៦ ដោយមួយគ្រាប់បាល់ជ័យជំនះរបស់ Mohamed Salah ដែលស៊ុតមួយទល់នឹងមួយជាមួយអ្នកចាំទី Ederson របស់ Manchester City ក្រោយទទួលបាល់បញ្ជូនវាយបករបស់អ្នកចាំទី Liverpool, Alisson Becker។

ថ្វីបើចាញ់ Manchester City ជាក្រុមមានប្រៀបក្នុងការប្រកួតនេះតាមរយៈការគ្រប់គ្រងបាល់ ៦៣% ទល់នឹង ៣៧% ឱកាសស៊ុត ១៦-១៣ ចំគោលដៅ ៦លើកតែមិនសំរេចទី តែ Liverpool ឱកាសស៊ុត ១៣លើកចំគោលដៅ ២លើកសម្រេចទី ១គ្រាប់។ លទ្ធផលនេះធ្វើឱ្យ Liverpool ឡើងពីលេខ ១០ មកលេខ ៨ ក្នុងតារាងមាន ១៣ពិន្ទុខណៈ Manchester City បន្តឈរលេខ ២ មាន ២៣ពិន្ទុតាមពីក្រោយក្រុមកំពូលតារាង Arsenal ៤ពិន្ទុ។ Arsenal បានយកឈ្នះនៅទឹកដី Leeds United ១-០ ដោយគ្រាប់បាល់របស់ Bukayo Saka ខណៈការប្រកួតត្រូវបានផ្អាកនៅពេលលេងមិនទាន់បាន ១នាទីផង កីឡដ្ឋាន Elland Road របស់ Leeds ក៏ដាច់ចរន្តអគ្គីសនី។

យ៉ាងណាក្តីគ្រាប់របស់ Bukayo Saka តាំងពីនាទីទី៣៥ គឺជាគ្រាប់ជ័យជំនះរបស់ Arsenal បើទោះបី Leeds មានឱកាសស៊ុតបាល់ពិន័យ ១១ម៉ែត្រនៅវគ្គទី២ តែខ្សែប្រយុទ្ធអង់គ្លេស Patrick Bamford ធ្វើមិនបានសំរេច។ ចំណែកក្រុមបិសាចក្រហម Manchester United និង Newcastle បញ្ចប់ទៅដោយគ្មានក្រុមស៊ុតបញ្ចូលទីនៅ Old Trafford៕
អត្ថបទ៖នាង សុភាវុធ