សហរដ្ឋអាមេរិក៖ លោក Jake Sullivan ទីប្រឹក្សាសន្តិសុខជាតិរបស់សេតវិមានបាននិយាយកាលពីថ្ងៃអាទិត្យថា ប្រធានាធិបតីអាមេរិកលោក Joe Biden នឹងចាត់វិធានការតាមវិធីសាស្ត្រជាក់ស្ដែងក្នុងការសម្រេចចិត្ត ពីរបៀបត្រូវឆ្លើយតបទៅនឹងប្រទេសអារ៉ាប៊ីសាអ៊ូឌីតជុំវិញការកាត់បន្ថយទិន្នផលប្រេង ប៉ុន្តែជម្រើសរួមទាំងការផ្លាស់ប្តូរជំនួយសន្តិសុខរបស់សហរដ្ឋអាមេរិកផងដែរ។
ថ្លែងប្រាប់ទូរទស្សន៍ CNN លោក Sullivan បាននិយាយថា ពុំទាន់មានការផ្លាស់ប្ដូរជាក់ស្ដែងភ្លាមៗចំពោះទំនាក់ទំនងរវាងអាមេរិក និងអារ៉ាប៊ីសាអ៊ូឌីតទេ ខណៈលោក Biden បានវាយតម្លៃជាថ្មីលើបញ្ហានេះ។ លោក Sullivan បាននិយាយថា ដូច្នេះប្រធានាធិបតីនឹងមិនចាត់វិធានការយ៉ាងតក់ក្រហល់នោះទេ។ លោកនឹងចាត់វិធានការតាមវិធីសាស្ត្រ យុទ្ធសាស្ត្រ ហើយលោកនឹងរកពេលវេលាពិភាក្សាជាមួយបណ្ដាសមាជិកសភាទ្វេនៃបក្ស ហើយក៏នឹងរកឱកាសជជែកគ្នាដោយផ្ទាល់ និងធ្វើការតាមរយៈជម្រើសនានា។
មួយថ្ងៃបន្ទាប់ពីក្រុមប្រទេសផលិតប្រេង OPEC+ កាលពីសប្ដាហ៍មុនបានប្រកាសពីការកាត់បន្ថយទិន្នផល ជុំវិញការជំទាស់របស់សហរដ្ឋអាមេរិក លោក Biden បានប្ដេជ្ញាថា នឹងជំរុញឲ្យមានផលវិបាកនានាសម្រាប់អារ៉ាប៊ីសាអ៊ូឌីត ដែលឈរនៅខាងរុស្ស៊ីគាំទ្រដល់ការកាត់បន្ថយទិន្នផលផលិតប្រេងនេះ។ វិធានការរបស់ OPEC+ រំខានដល់ផែនការរបស់លោកខាងលិចក្នុងការកំណត់តម្លៃនាំចេញប្រេងរបស់រុស្ស៊ី ឆ្លើយតបទៅនឹងសង្គ្រាមរបស់ទីក្រុង Moscow នៅអ៊ុយក្រែន៕
អត្ថបទ៖ សុខមាន