បាល់ទះ៖ ការប្រកួតបាល់ទះដណ្ដើមពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ឆ្នាំ២០២២ បានបើកការប្រកួតផ្លូវការហើយ កាលពីថ្ងៃទី១៥ ខែតុលាចុងសប្ដាហ៍កន្លងទៅ ដោយមានបេក្ខភាពខ្លាំងៗចំនួន ១១ក្រុមចូលរួម។ ឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា បានចាត់ទុកព្រឹត្តិការណ៍នេះគឺជាឱកាសសម្រួចក្រុមជម្រើសជាតិ ឆ្ពោះទៅសម្រេចបំណងដណ្ដើមមេដាយមាសស៊ីហ្គេមជាប្រវត្តិសាស្ដ្រនៅកម្ពុជានាឆ្នាំ២០២៣ ខាងមុខ។
ការលើកឡើងនេះ ស្របពេលឯកឧត្តមបានអញ្ជើញជាអធិបតីក្នុងពិធីបើក ការប្រកួតពានរង្វាន់សម្ដេចតេជោនៅសាលទីលានាបាល់ទះនៃកីឡដ្ឋានព្រីនស៍ ក្នុងនោះក៏មានការចូលរួមពីលោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពថ្មីនៃសាធារណរដ្ឋសិង្ហបុរីប្រចាំនៅកម្ពុជា និងលោកជំទាវ Liurka Rodriguez Barrios ឯកអគ្គរដ្ឋទូតនៃប្រទេសគុយបាប្រចាំនៅកម្ពុជាផងដែរ។ អ្វីដែលពិសេសទៀតនោះ ដើម្បីអបអរសាទរព្រឹត្តិការណ៍ដ៏ធំនេះ ក៏មានការប្រកួតមិត្តភាពអន្ដរជាតិរវាងក្រុមបាល់ទះជម្រើសជាតិកម្ពុជា និងក្រុមជម្រើសជាតិសិង្ហបុរីផងដែរ ដោយលទ្ធផល កម្ពុជាបានយកឈ្នះក្រុមភ្ញៀវសិង្ហបុរីដោយលទ្ធផល ២-១សិតជាមួយពិន្ទុ ២៥-២១, ២២-២៥ និង ២៧-២៥។ ឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន បានធ្វើការវាយតម្លៃខ្ពស់ចំពោះការរៀបចំនូវពានរង្វាន់សម្ដេចតេជោនាយករដ្ឋមន្ដ្រី ក៏ដូចជាការប្រកួតមិត្តភាពអន្ដរជាតិរវាងកម្ពុជា និងសិង្ហបុរី ដោយឯកឧត្តមបានចាត់ទុកការរៀបចំនេះគឺជាផ្នែកមួយដ៏សំខាន់សម្រាប់សហព័ន្ធ ក៏ដូចជាក្រុមការងារគ្រូ ក្នុងការសម្លឹងរកធនធានកីឡាករល្អៗមកពង្រឹងក្រុមជម្រើសជាតិបន្ថែមទៀត។
ក្នុងនាមប្រធានសហព័ន្ធ ឯកឧត្តមសន្ដិបណ្ឌិតបានគូបញ្ជាក់ថា ការរៀបចំពានជាច្រើននាពេលកន្លងមក ពិសេសការរៀបចំពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ឆ្នាំ២០២២ ជាឱកាសដែលធ្វើឲ្យសហព័ន្ធចម្រាញ់បាននូវធនធានកីឡាករ-កីឡាការិនី ដែលមានសមត្ថភាព និងទេពកោសល្យ ដើម្បីឈានទៅសម្រេចបំណងដណ្ដើមមេដាយមាស ក្នុងព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ។ លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធបានឲ្យដឹងថា ពានរង្វាន់សម្ដេចតេជោនេះនឹងប្រើពេលកន្លះខែចាប់ពីថ្ងៃទី១៥-៣០ ខែតុលា ដោយមានបេក្ខភាព ១១ក្រុមចូលរួម ហើយចែកចេញជា ៤ពូលដើម្បីធ្វើការប្រកួតជម្រុះរកក្រុមខ្លាំងឡើងវគ្គបន្ដបន្ទាប់។ សម្រាប់ប្រាក់រង្វាន់ជ័យលាភី ក្រុមជើងឯកនឹងទទួលបានពាន ១ អមប្រាក់រង្វាន់ ១ម៉ឺនដុល្លារ, លេខ២ ទទួលបាន ៥ពាន់ដុល្លារ, លេខ៣ ទទួលបាន ៣ពាន់ដុល្លារ និងលេខ៤ ទទួលបាន ២ពាន់ដុល្លារ។
ដំណាលគ្នានឹងពិធីបើកការប្រកួតនេះ ក៏មានក្រុមមួយចំនួនបានចាប់ផ្ដើមការប្រកួតសន្សំពិន្ទុតាមពូលរៀងៗខ្លួនផងដែរ ជាក់ស្ដែកនៅថ្ងៃបើកឆាក ក្រុមបញ្ជាការដ្ឋានអង្គរក្សបានវាយបកយកឈ្នះក្រុមស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ដោយលទ្ធផល ៣-១សិតសម្រាប់ការប្រកួតមុនគេនៃពូល B។ រីឯនៅថ្ងៃទី១៦ ខែតុលាម្សិលមិញ បើកឆាកពូល A ក្រុមវិសាខាបានយកឈ្នះក្រុមរដ្ឋបាលរាជធានីភ្នំពេញ ៣-០សិត ខណៈក្រុមកងពលធំអន្ដរាគមន៍លេខ៣ បានយកឈ្នះក្រុមកូននាគឧត្ដរដោយលទ្ធផល ៣-០សិតដូចគ្នាក្នុងពូល C៕
អត្ថបទ៖ លី ឈុនឡា