ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាទៅកាន់ក្រសួងស្ថាប័នពាក់ព័ន្ធត្រូវចែកពូជស្រូវ និងដំណាំផ្សេងៗភ្លាមៗទៅប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់ ក្នុងតំបន់នីមួយៗ ក្រោយពីបានវាយតម្លៃរួចរាល់ ។
ក្នុងពេលអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ចែកសញ្ញាបត្រដល់និស្សិត នៃសាលកវិទ្យាល័យជាតិគ្រប់គ្រង នៅថ្ងៃទី១៧ ខែតុលា នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី មានប្រសាសន៍ថា បច្ចុប្បន្ន នៅក្នុងប្រទេសកម្ពុជា កំពុងប្រឈមបញ្ហាទឹកជំនន់ ហើយការខូចខាតបានបង្កើតនូវស្ថានភាពដ៏លំបាក ដល់ប្រជាពលរដ្ឋ ដូច្នេះសម្ដេច បានបញ្ជាឲ្យក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវវាយតម្លៃជាបន្ទាន់ និងទាន់ពេលវេលា នៃការបង្កបង្កើនផលរបស់ប្រជាពលរដ្ឋ បន្ទាប់ពីទឹកស្រកទៅ ។
សម្ដេចតេជោ បានបន្តថា កន្លែងណាវាយតម្លៃរួចរាល់ ត្រូវដឹកស្រូវពូជ ឬពូជដំណាំដទៃទៀត ទៅចែកជូនប្រជាពលរដ្ឋ មិនត្រូវរង់ចាំនោះទេ ព្រោះពូជ បានត្រៀមរៀបចំរួចហើយ ព្រោះកម្ពុជាមានស្តុកយុទ្ធសាស្ត្រ គឺពូជដំណាំ ហើយតំបន់ណាអាចធ្វើស្រូវឡើងវិញបាន ត្រូវផ្ដល់ពូជស្រូវ បើមិនអាចទេ ត្រូវពិនិត្យថាតំបន់នោះអាចដាំពូជអីបាន ត្រូវផ្ដល់ពូជនោះឲ្យពលរដ្ឋ ដើម្បីស្ដារការខូចខាតឡើងវិញ ។
គួរបញ្ជាក់ថា បច្ចុប្បន្ន គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ សហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរខេត្ត បានចាប់ផ្ដើមចែកពូជស្រូវ និងពូជដំណាំផ្សេងៗ ដល់ពលរដ្ឋ ដែលរងគ្រោះ ដោយសារទឹកជំនន់ហើយ ដើម្បីឲ្យពួកគេអាចយកទៅបង្កបង្កើនស្ដារឡើងវិញ ៕អត្ថបទ៖ បាន សុខរិទ្ធិ



