កំពង់ធំ៖ ពលរដ្ឋដែលជួបរងគ្រោះដោយទឹកជំនន់ ជាង៤៣០គ្រួសារនៅស្រុកតាំងគោក ខេត្តកំពង់ធំ បានទទួលអំណោយសង្គ្រោះពីឯកឧត្កម ថោង ខុន ប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុកតាំងគោគ ខណៈអាជ្ញាធរមូលដ្ឋាន បាននិងកំពុងដាក់សំណើរបន្ថែមទៀត រៀបចំពូជស្រូវ និងគ្រាប់ពូជដំណាំរួមផ្សំនានា ដើម្បីត្រៀមចែកជូនពលរដ្ឋរងគ្រោះនៅពេលទឹកស្រក់ទៅវិញ។
តំណាងពលរដ្ឋមកពីភូមិផ្សេងៗនៅក្នុងឃុំទ្រាល ស្រុកតាំងគោក បានថ្លែងប្រាប់BTV នៅល្ងាចថ្ងៃទី ១៦ ខែតុលាថា អស់រយៈពេលច្រើនថ្ងៃមកហើយដែលលំនៅដ្ឋាន ដំណាំស្រូវ និងដំណាំរួមផ្សំនានារបស់អ្នកភូមិ នៅភូមិគោកត្របែក ភូមិរំចេក ភូមិទ្រាល ភូមិស្វាយម្សៅ ភូមិថ្មី និងភូមិនាងល្អជាដើម បាននិងកំពុងរងជំនន់ទឹកភ្លៀង និងទឹកទន្លេ ដោយបង្កបញ្ហាប្រឈមជាច្រើន ដូចជាកង្វះខាតស្បៀងអាហារ ខូចខាតផលដំណាំ សុខភាព និងសត្វពោះជាដើម។
តាមរបាយការណ៍អភិបាលស្រុកតាំងគោ គ្រោះទឹកជំនន់បង្កដោយជំនន់ទឹកភ្លៀង បង្កប៉ះពាលដំណាំស្រូវ និងដំណាំរួមផ្សំនានាមានប្រមាណ១០៤២ ហិចតា ក្នុងនោះខូចដំណាំស្រូវជាង ៥១០ហិចតា ហើយគ្រួសាររងគ្រោះដោយទឹកជំនន់ប៉ះពាល់ផ្ទះសំបែងមានប្រមាណ ៤០០ គ្រួសារ ដោយបានទទួលអំណោយគ្រឿងបរិភោគ និងឧបភោគពីឯកឧត្តម ថោង ខុន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកបារាយណ៍ និងស្រុកតាំងគោគ។
ក្នុងពេលចុះចែកអំណោយដល់ប្រជាពលរដ្ឋ ឯកឧត្តម ថោង ខុន បានថ្លែងអំពាវនាវ ឲ្យពលរដ្ឋបង្កើនប្រុងប្រយ័ត្ន ដូចជាបញ្ហាកូនតូចលង់ទឹក បញ្ហាសុខភាពជាពិសេសបញ្ហារាគរុស និងរោគឆ្លងនានា បញ្ហាសត្វពោះក្អែបជាដើម នៅពេលពេលវេលាទាំងអស់គ្នា។
ជាមួយគ្នានេះ ឯកឧត្តម ថោង ខុន ក៏បានណែនាំអាជ្ញាធរមូលដ្ឋានបង្កើនការចុះតាមដានស្ថានការរស់នៅរបស់ប្រជាពលរដ្ឋ និងត្រៀមសម្ភារជួយសង្គ្រោះបន្ទាន់ ដើម្បីត្រៀមឆ្លើយតបទាន់ពេលវេលានៅពេលពលរដ្ឋ ជួបគ្រោះថ្នាក់ផ្សេងៗដោយសារទឹកជំនន់នេះ៕ អត្ថបទ ស៊ុម សុខជា