ពោធិ៍សាត់៖ ក្រសួងពាណិជ្ជកម្ម បានបើកយុទ្ធនាការទិញផលិតផលខ្មែររដូវកាលទី៧ នៅខេត្តពោធិ៍សាត់ មានរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៦-១៩ ខែតុលា ឆ្នាំ២០២២ ក្នុងព្រឹត្តិការណ៍ ពិធីប្រណាំងទូក «ង» ខ្នាតអន្តរជាតិ នៅខេត្តពោធិ៍សាត់ ដើម្បីអបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក។
ឯកឧត្តម ស៊ាង ថៃ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងលោក ពៅ ពិសិដ្ឋ អភិបាលរងនៃ គណៈអភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២នេះ នៅសួនច្បារផ្លូវលេខ១០១ ជាប់មាត់ស្ទឹងពោធិ៍សាត់ បានអញ្ជើញបើកសម្ពោធពិព័រណ៍ផលិតផលខ្មែរ សម្រាប់យុទ្ធនាការទិញផលិតផលខ្មែររដូវកាលទី៧ ដែលរៀបចំដោយអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម ។
សូមបញ្ជាក់ថា ក្នុងពិព័រណ៍ផលិតផលខ្មែរ សម្រាប់យុទ្ធនាការទិញផលិតផលខ្មែររដូវកាលទី៧ អគ្គនាយកដ្ឋាន ក.ប.ប បានរចនាផ្ទាំងរូបភាពបង្ហាញពីតួនាទីភារកិច្ចរបស់ខ្លួន បង្ហាញអំពីច្បាប់ដែល ក.ប.ប កំពុងធ្វើការអនុវត្ត រួមមានច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផលទំនិញ និងសេវា ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ច្បាប់ស្តីពីកិច្ចការប្រកួតប្រជែង និងច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ លិខិតបទដ្ឋានក្រោមច្បាប់ និងផ្ទាំងខិតប័ណ្ណអប់រំជាច្រើនទៀត ក្នុងគោលបំណងបង្ហាញដល់សាធារណជនឱ្យបានយល់ដឹងពីសិទ្ធិក្នុងការទទួលបានការការពារដោយច្បាប់ និងយន្តការបណ្តឹងមកអគ្គនាយកដ្ឋាន ក.ប.ប ក្នុងករណីមានបទល្មើសកើតឡើង៕អត្ថបទ៖ ពៅ ភិរុណ



