កំពង់ឆ្នាំង ៖ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត លោកជំទាវ កែ ចន្ទមុនី តំណាងរាស្ត្រ លោក ចេង ចាន់ដូណា អភិបាលស្រុកបរិបូណ៌ នាថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២នេះ បានចុះត្រួតពិនិត្យស្ថានភាពទឹក និងនាំយកអំណោយសម្តេចតេជោ ហ៊ុន សែន ចែកជូនដល់ប្រជាពលរដ្ឋចំនួន១២០គ្រួសារ ដែលរងគ្រោះដោយជំនន់ទឹកទន្លេសាប ក្នុងឃុំកំពង់ព្រះគគីរ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។
ក្នុងជំនួបផ្ទាល់ ជាមួយប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារជំនន់ទឹកទន្លេសាបនៅថ្ងៃនេះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានជម្រាបជូនថា ដោយផ្ដើមចេញពីក្ដីកង្វល់ និងមានការជំរុញយកចិត្តទុកដាក់ខ្ពស់ ពីថ្នាក់ដឹកនាំ ពិសេសសម្ដេចតេជោ ហ៊ុន សែន ចំពោះសុខទុក្ខលំបាក និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ នៅពេលដែលជួបគ្រោះមហន្តរាយ ក៏ដូចបញ្ហាផ្សេងៗនោះ ក្នុងនាមអាជ្ញាធរខេត្តកំពង់ឆ្នាំង ឯកឧត្តមបានសម្ដែងការចូលរួម នូវទុក្ខលំបាកជាមួយប្រជាពលរដ្ឋ ដែលទទួលរងនូវផលប៉ះពាល់ ដោយជំនន់ទឹកភ្លៀងនាពេលនេះ។
ឯកឧត្តម បានបន្ថែមថា បញ្ហាគ្រោះមហន្តរាយ គឺមិនអាចកំណត់បានឡើយ កត្តាសំខាន់ គឺរាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋទាំងអស់ ត្រូវតែចូលរួមតាមរយៈយន្តការ ឬវិធានការណ៍នានា ដើម្បីបង្ការទប់ស្កាត់ និងដោះស្រាយសង្គ្រោះអាយុជីវិតមនុស្ស ឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។ ឯកឧត្តមអភិបាលខេត្ត ក៏បានថ្លែងកោតសរសើរ ចំពោះកងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរមានសមត្ថកិច្ចទាំងអស់ ដែលបានរួមសហការគ្នា ត្រៀមបង្ការជួយសង្គ្រោះប្រជាពលរដ្ឋ ព្រមទាំងបានផ្ដាំផ្ញើឱ្យយកចិត្តទុកដាក់ខ្ពស់ តាមដានក្នុងគោលដៅប្រឈមនានា បើមានបញ្ហាប្រឈមសូមប្រញាប់ ជួយសង្គ្រោះប្រជាពលរដ្ឋ មកកាន់ទីទួលសុវត្ថិភាព និងរាយការណ៍ជូនដល់ថ្នាក់ដឹកនាំ ឬអាជ្ញាធរមានសមត្ថកិច្ចដែលនៅជិត ដើម្បីជួយអន្តរាគមន៍សង្គ្រោះ មិនត្រូវទុកឱ្យប្រជាជនណាម្នាក់ ស្លាប់ដោយគ្រោះទឹកជំនន់ឡើយ។ ទន្ទឹមនឹងនោះប្រជាពលរដ្ឋទាំងអស់ ក៏ត្រូវយកចិត្តទុកដាក់ចំពោះបញ្ហាអនាម័យ ដោយត្រូវរស់នៅស្អាត ហូបស្អាត ផឹកស្អាត ជាពិសេសត្រូវយកចិត្តទុកដាក់ ប្រុងប្រយ័ត្នចំពោះកូនចៅ ដើម្បីបង្ការគ្រោះថ្នាក់ដោយយថាហេតុ ដែលបណ្ដាលមកពីការធ្វេសប្រហែស។
នាឱកាសនោះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត ក៏បាននាំយកអំណោយ ដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មកចែកជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារជំនន់ទឹកទន្លេសាបចំនួន១២០គ្រួសារ។ ដោយឡែកគ្រួសារដែលនៅសល់តាមឃុំឆ្នុកទ្រូ និងឃុំត្រពាំងចាន់ ឃុំផ្សារ និងឃុំខុនរ៉ង គឺត្រូវចែកជូនជាបន្តបន្ទាប់ទៀត។
សូមបញ្ជាក់ថា នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២នេះ កម្ពស់ទឹកទន្លេសាបនៅស្ថានីយ៍ជលសាស្ត្រផ្សារក្រោមមាន៩,៩៥ម បើធៀបនឹងឆ្នាំ២០២១ ទឹកទន្លេមានកម្ពស់៧,៤៥ម គឺខ្ពស់ជាង២,៥០ម៕ ហុង វាស្នា












