ប្រដាល់៖ អតីតជើងឯកប្រដាល់ទំងន់ធ្ងន់ពិភពលោក Deontay Wilder បានផ្តួល Robert Helenius ត្រឹមទឹកទី១ ប៉ុណ្ណោះក្នុងការវិលឡើងសង្វៀនវិញលើកដំបូងក្នុងរយៈពេល ១ឆ្នាំ។ កីឡាករអាមេរិកវ័យ ៣៦ឆ្នាំរូបនេះបានឡើងសង្វៀនលើកដំបូង តាំងពីប្រកួតចុងក្រោយកាលពីខែតុលាឆ្នាំមុនដែលចាញ់ Tyson Fury លើកទី២។
Wilder បានប្រើកណ្តាប់ដៃស្តាំវាយចំពេញផ្ទៃមុខរបស់គូប្រកួតសញ្ជាតិហ្វាំងឡង់ Robert Helenius នៅវិនាទីចុងក្រោយនៃទឹកទី១។ ជ័យជំនះរបស់ Deontay Wilder លើ Robert Helenius នៅកីឡដ្ឋាន Barclays Center គឺជាជ័យជំនះលើកទី៤៣ ចាញ់ ២ប្រកួតក្នុងអាជីពប្រដាល់របស់ខ្លួន ដែលក្នុងចំណោម ៤៣លើកនោះផ្តួលគូប្រកួតឱ្យបោះបង់ ៤២លើក។ បរាជ័យតែពីរលើកគត់របស់ Wilder គឺចាញ់ Tyson Fury ទាំងពីរលើកដែលធ្វើឱ្យគេបាត់បង់ខ្សែប្រយុទ្ធ WBC ដែលពាក់តាំងពីឆ្នាំ២០១៥។ គោលដៅបន្ទាប់របស់ Wilder គឺជួបមិត្តរួមជាតិអាមេរិក Andy Ruiz រឺកីឡាករអ៊ុយក្រែន Oleksandr Usyk ហើយក៏នៅតែសង្ឃឹមថានឹងអាចជួបជាមួយ Anthony Joshua ផងដែរ៕
អត្ថបទ៖នាង សុភាវុធ