រុស្ស៊ី៖ ក្រសួងការពារជាតិរុស្ស៊ីនិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា រុស្ស៊ីបានបន្តវាយប្រហារទៅលើតំបន់នានារបស់អ៊ុយក្រែនកាលពីថ្ងៃអាទិត្យ។ អ្នកនាំពាក្យក្រសួងការពារជាតិលោក Igor Konashenkov និយាយថា ក្នុងអំឡុងពេល ២៤ម៉ោងកន្លងទៅនេះ កងកម្លាំងប្រដាប់អាវុធរុស្ស៊ីបានបន្តវាយប្រហារដោយអាវុធបាញ់តាមអាកាស រយៈចម្ងាយឆ្ងាយស៊ីបគោលដៅទៅលើទីបញ្ជាការយោធា និងទីតាំងត្រួតពិនិត្យ ព្រមទាំងប្រព័ន្ធថាមពលរបស់អ៊ុយក្រែន។
លោក Konashenkov និយាយថា គោលដៅនៃការវាយប្រហារទទួលបានជោគជ័យ ខណៈគោលដៅដែលបានកំណត់ទាំងអស់ត្រូវបានវាយប្រហារ។ កងទ័ពអ៊ុយក្រែនបានព្យាយាមរុលចូលវាយសម្រុកលើកងទ័ពរុស្ស៊ីនៅក្នុងតំបន់ Kherson ប៉ុន្តែមិនទទួលបានជោគជ័យនោះទេ។ លោក Konashenkov និយាយថា ការប៉ុនប៉ងវាយប្រហារមួយទៀតរបស់កងទ័ពអ៊ុយក្រែនត្រូវបានរារាំងនៅក្នុងតំបន់ Kharkiv។ កាលពីថ្ងៃអាទិត្យ ក្រសួងការពារជាតិបេឡារុសបានបញ្ចេញវីដេអូជាអ្វីដែលខ្លួនបាននិយាយថា ទាហានរុស្ស៊ីបានបន្តមកដល់ប្រទេសបេឡារុស។
យោងតាមអង្គភាពសារព័ត៌មានរបស់ក្រសួងបានឲ្យដឹងថា ការសម្រេចបង្កើតក្រុមកងទ័ពប្រចាំតំបន់ត្រូវបានធ្វើឡើង ហើយកំពុងត្រូវបានអនុវត្តតែនៅក្នុងផលប្រយោជន៍នៃការពង្រឹងការការពារ និងការពារព្រំដែនរដ្ឋនៅលើទឹកដីប្រទេសបេឡារុស្ស។ ក្រសួងនិយាយតាមបណ្តាញ Telegam ថា ការសម្រេចចិត្តបង្កើតកងទ័ពប្រចាំតំបន់ គឺបណ្ដាលមកពីសកម្មភាពនៅបន្តនៅតាមតំបន់ព្រំដែនរបស់ប្រទេស៕
អត្ថបទ៖ ប៊ុនថន