បាល់ទាត់៖ ខ្សែការពារស្លាបស្តាំនៃក្រុមជំរើសជាតិអង់គ្លេស Reece James នឹងអវត្តមានពីព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup ឆ្នាំនេះដោយសាររបួសជង្គង់។ កីឡាករវ័យ ២២ឆ្នាំដែលធ្លាប់បង្ហាញខ្លួនឱ្យក្រុមជម្រើសជាតិអង់គ្លេស ១៥លើករូបនេះបានទទួលរងរបួសជង្គង់នៅពេល Chelsea យកឈ្នះនៅទឹកដី AC Milan ២-០ សប្តាហ៍មុន។

បើតាមអាការៈរបួសរបស់ Reece James នឹងត្រូវសម្រាកព្យាបាលយ៉ាងហោចណាស់ ៨សប្តាហ៍ ខណៈដែល World Cup សល់ពេលតែ ៥សប្តាហ៍ទៀតប៉ុណ្ណោះនឹងឈានចូលមកដល់។ ខ្សែការពារស្តាំរបស់អង់គ្លេស ២រូបទៀតក៏កំពុងមានបញ្ហារបួសរួមមានខ្សែការពារ Man City, Kyle Walker និងខ្សែការពារ Liverpool, Trent Alexander-Arnold។ Kyle Walker បានរបួស និងឈានដល់ការវះកាត់ក្រលៀន ស្របពេលដែល Arnold មានរបួសកជើងពេលជួប Arsenal។ ជម្រើសជាតិតែមួយទៀតរបស់អង់គ្លេសនៅតំបន់ការពារស្តាំនេះគឺខ្សែការពារ Newcastle, Kieran Tippier។ ក្រុមអង់គ្លេសនឹងចាប់ផ្តើមប្រកួតដំបូងរបស់ខ្លួននៅ World Cup ជួបជាមួយអ៊ីរ៉ង់នៅថ្ងៃទី២១ ខែវិច្ឆិកា៕
អត្ថបទ៖នាង សុភាវុធ