អឺរ៉ុប៖ សម្ព័ន្ធយោធា NATO និងរុស្ស៊ីនឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នា ដែលបានគ្រោងទុកជាយូរមកហើយនៃកងកម្លាំងនុយក្លេអ៊ែររបស់ពួកគេ ស្របពេលភាពតានតឹងឡើងកម្ដៅខ្លាំង ខណៈរុស្ស៊ីនៅតែបន្តសង្គ្រាមរបស់ខ្លួននៅអ៊ុយក្រែន។

យោងតាមក្រុមមន្ត្រីអាមេរិកមួយចំនួនបានឲ្យដឹងថា មន្ទីរបញ្ចកោណ និងសហគមន៍ចារកម្មអាមេរិកកំពុងតាមដានសកម្មភាពដែលពុំបានរំពឹងទុក ឬខុសប្រក្រតីណាមួយនៃអាវុធនុយក្លេអ៊ែររបស់ទីក្រុង Moscow អំឡុងសមយុទ្ធរបស់រុស្ស៊ី ដែលត្រូវគេរំពឹងទុកថានឹងកើតឡើងមុនដំណាច់ខែនេះ។ មន្ត្រីការពារជាតិជាន់ខ្ពស់មួយរូបបានប្រាប់ទូរទស្សន៍ CNN ថា យើងជឿជាក់ថា វោហារសាស្ត្រនុយក្លេអ៊ែរ និងការសម្រេចចិត្តរបស់រុស្ស៊ីក្នុងការចាប់ផ្ដើមសមយុទ្ធនេះ ខណៈសង្គ្រាមជាមួយអ៊ុយក្រែនគឺជាទង្វើគ្មានការទទួលខុសត្រូវ។
ការគំរាមកំហែងដោយនុយក្លេអ៊ែរលើសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនគឺជាទង្វើគ្មានការទទួលខុសត្រូវ។ លោក John Kirby អ្នកសម្របសម្រួលផ្នែកទំនាក់ទំនងយុទ្ធសាស្ត្រ នៅក្រុមប្រឹក្សាសន្តិសុខជាតិបាននិយាយ។ យោងតាមសហរដ្ឋអាមេរិក សមយុទ្ធរបស់រុស្ស៊ីមានឈ្មោះថា ''Grom'' ដែលប្រែថា "ព្យុះភ្លៀង" ត្រូវបានធ្វើជារៀងរាល់ឆ្នាំ។ យើងរំពឹងថា សមយុទ្ធនេះនឹងមានរយៈពេលច្រើនថ្ងៃ ដែលនឹងរួមបញ្ចូលសកម្មភាពដែលរុស្ស៊ីធ្លាប់បានធ្វើកាលពីអតីតកាល។ វានឹងរួមបញ្ចូលទាំងការបាញ់មីស៊ីលគ្រាប់ពិត និងការដាក់ពង្រាយយុទ្ធោបករណ៍យុទ្ធសាស្ត្រផងដែរ៕
អត្ថបទ៖ សុខមាន