
ភ្នំពេញ ៖ ច្បាប់មានហើយ និងកុំអោយគេថាមិនអនុវត្ត សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានណែនាំអោយរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ធ្វើការជាមួយតុលាការដើម្បីកាត់ទោសអ្នកដែលបំពានវិធានការចត្តាឡីស័ក។
សារពិសេសចេញពីភូមិគ្រឹះក្រុងតាខ្មៅ នាព្រឹកមិញនេះ សម្តេច បានបញ្ជាក់ថា កន្លងមកនេះ មានអ្នកគេចវេសពីការធ្វើចត្តាឡីស័ក និងនាំដល់មានការចម្លងផងដែរដូច្នេះត្រូវមានការកាត់ទោសជាចាំបាច់កុំអោយគេថាច្បាប់មានហើយមិនអនុវត្ត និងត្រួតពិនិត្យអោយបានម៉ត់ចត់ចំពោះអ្នកធ្វើចត្តាឡីស័កកុំអោយមានការចេញក្រៅពីកន្លែងធ្វើចត្តាឡីស័ក។
ការដែលសម្តេច បានណែនាំបែបនេះ ដើម្បីពង្រឹងវិធានការទប់ស្កាត់ ការចម្លងកូវីដ១៩ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ព្រោះថា ប៉ុន្មានថ្ងៃនេះករណីឆ្លងកូវីដ១៩ មានការកើនឡើងយ៉ាងច្រើនជាពិសេសនៅរាជធានីភ្នំពេញ។ ករណីឆ្លងជំងឺកូវីដ១៩ នៅទូទាំងប្រទេសបើគិតដល់ថ្ងៃម្សិលមិញបានកើនឡើងរហូតដល់ជិត៤ពាន់នាក់ហើយ ក្នុងនោះ ករណីឆ្លងថ្មីនៅថ្ងៃទី៨មេសា មាន៥៧៦នាក់ និងមានអ្នកជាថ្មី៧០នាក់ ក្នុងចំណោមអ្នកជាសរុបជិត ២ពាន់នាក់និងមានស្លាប់ចំនួន២៤នាក់។នេះ បើយោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលចេញថ្ងៃទី៩មេសាម្សិលមិញនេះ៕
អត្ថបទ ៖ មុត សុទ្ធ