ភ្នំពេញ៖ រហូតមកដល់ពេលនេះ មានប្រតិភូបណ្តាប្រទេសមានឆ្នេរសមុទ្រស្អាតបំផុតលើពិភពលោកចំនួន៣០ឆ្នេរ បានចុះឈ្មោះអញ្ជើញមកចូលរួមមហាសន្និបាតក្លឹបឆ្នេរស្អាតបំផុតលើពិភពលោក ដែលកម្ពុជាទទួលធ្វើម្ចាស់រៀបចំ នៅក្នុងឱកាសដែលកម្ពុជា ប្រារព្ធធ្វើពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ រៀបចំនៅថ្ងៃទី០៩ ដល់ថ្ងៃទី១១ ខែធ្នូឆ្នាំ២០២២ នៅខេត្តព្រះសីហនុ។
នៅក្នុងកិច្ចប្រជុំត្រៀមរៀបចំបុណ្យសមុទ្រ និងរៀបចំមហាសន្និបាតក្លឹបឆ្នេរស្អាតលើពិភពលោកថ្ងៃទី១៧ ខែតុលានេះ លោក ជុក ជំនោរ អគ្គនាយករងក្លឹបឆ្នេរស្អាតបំផុតលើពិភពលោក បានថ្លែងថា នៅក្នុងចំណោមប្រតិភូឆ្នេរស្អាតបំផុតលើពិភពលោកចំនួន ៣០ឆ្នេរ មកពីបណ្តាប្រទេសចំនួន ១៣ប្រទេស នៅតំបន់អឺរ៉ុបតំបន់អាហ្វ្រឹក តំបន់អាមេរិចឡាទីន និងនៅតំបន់អាស៊ី បានឯកភាពចូលរួមព្រឹត្តិការណ៍មហាសន្និបាតក្លឹបឆ្នេរស្អាតពិភពលោក នឹងប្រារព្ធឡើងនៅក្នុងខេត្តព្រះសីហនុ ប្រទេសកម្ពុជា។
ព្រឹត្តិការណ៍មហាសន្និបាតក្លឹបឆ្នេរសមុទ្រស្អាតលើពិភពលោកនោះ នឹងរៀបចំអនុញ្ញាតឲ្យប្រតិភូជាតិ-អន្តរជាតិចូលរួមប្រមាណជាង ៤០០រូប។ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងថា នឹងយកឱកាសដែលកម្ពុជា រៀបចំព្រឹត្តិការណ៍មហាសន្និបាតក្លឹបឆ្នេរស្អាតបំផុតលើពិភពលោក ធ្វើការផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជាជាពិសេសផ្សព្វផ្សាយឆ្នេរសមុទ្រស្អាតបំផុតលើពិភពលោករបស់ប្រទេសកម្ពុជា និងផ្សព្វផ្សាយប្រាសាទអង្គរវត្ត ទៅកាន់បណ្តាប្រទេសពិភពលោក។
នៅក្នុងព្រឹត្តិការណ៍រៀបចំមហាសន្និបាតក្លឹបឆ្នេរស្អាតពិភពលោកនេះដែរ ឯកឧត្តម ថោង ខុន ក៏បានជំរុញអាជ្ញាធរមូលដ្ឋាន នឹងអ្នកពាក់ព័ន្ធនានា សូមចូលរួមសហការរៀបចំព្រឹត្តិការណ៍បុណ្យសមុទ្រឲ្យមានភាពទាក់ទាញ។
ឯកឧត្តម បញ្ជាក់ថា រហូតមកដល់ពេលនេះ ព្រឹត្តិការណ៍បុណ្យសមុទ្រគឺយើងបានរៀបចំអញ្ជើញភាគីពាក់ព័ន្ធចូលរួមរួចរាល់អស់ហើយ ក្នុងនោះ ព្រឹត្តិការណ៍តាំងពិព័រណ៍មានស្តង់ចូលរួមចំនួនជាង ៣៥០ស្តង់ ដែលនឹងដាក់តាំងបង្ហាញទំនិញក្នុងស្រុក និងទំនិញនាំចេញ និង បង្ហាញសម្ភារៈប្រើប្រាស់ សម្ភារៈបច្ចេកវិទ្យាអេឡិចត្រូនិក របស់បណ្តាក្រុមហ៊ុន និងស្តង់ម្ហូបអាហារជាតិអន្តរជាតិ និងសំលៀកបំពាក់ជាដើម។
ដោយឡែកក្រុមសិល្បករសិល្បការនី ក្រុមកីឡាករកីឡាការនី នៅតាមបណ្តាប្រទេសអាស៊ាន ក៏ត្រូវបានរៀបចំរួច និងបានត្រៀមហ្វឹកហាត់ត្រៀមខ្លួនចូលរួមសំដែង និងប្រកួតនៅក្នុងឱកាសព្រឹត្តិការណ៍បុណ្យសមុទ្រនោះដែរ៕ អត្ថបទ ស៊ុម សុខជា