ភ្នំពេញ៖ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ ឆ្នាំ២០២២ បានធ្វើឡើងក្នុងមូលដ្ឋានខណ្ឌបឹងកេងកង នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្តមប្រធានក្រុមប្រឹក្សារាជធានី និងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានី នៅសាកលវិទ្យាល័យ ប៊ែលធីអន្តរជាតិ សង្កាត់បឹងកេងកងទី៣ ដែលវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នេះ ធ្វើឡើងដើម្បីស្ដាប់នូវសំណូមពរ និងតម្រូវការនានារបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌបឹងកេងកងទាំងមូល ដែលអញ្ជើញមកពីសង្កាត់ទាំង៧ មានសង្កាត់បឹងកេងកង១ សង្កាត់បឹងកេងកង២ សង្កាត់បឹងកេងកង៣ សង្កាត់អូឡាំពិក សង្កាត់ទំនប់ទឹក សង្កាត់ទួលស្វាយព្រៃ១ និងសង្កាត់ទួលស្វាយព្រៃ២។
វេទិកានេះបានកំពុងនឹងពិគ្រោះយោបល់លើបញ្ហាមួយចំនួនដូចជាការអនុវត្តគោលនយោបាយភូមិ សង្កាត់មានសុវត្ថិភាព ការងារអភិវឌ្ឍ ពាក់ព័ន្ធនឹងបញ្ហាបរិស្ថាន និងការផ្ដល់សេវាសាធារណៈនៅតាមច្រកចេញចូលតែមួយជាដើម។
សូមជម្រាបថា ខណ្ឌបឹងកេងកង គឺជាខណ្ឌថ្មីដែលទើបបង្កើតឡើង។ ខណ្ឌនេះពីមុនជាផ្នែកមួយនៃខណ្ឌចំការមន។ ខណ្ឌថ្មីនេះបានបង្កើតឡើងដោយកាត់យកសង្កាត់ចំនួន៧ពីខណ្ឌចំការមន តាមអនុក្រឹត្យលេខ ០៣ អនក្រ.បក ចុះថ្ងៃទី៨ ខែមករា ឆ្នាំ២០១៩។ ទីតាំងសាលាខណ្ឌ គឺយកទីតាំងសាលាខណ្ឌចំការមនចាស់ មកធ្វើជាសាលាខណ្ឌបឹងកេងកង ឯសាលាខណ្ឌចំការមនថ្មីត្រូវយកទៅដាក់នៅសង្កាត់ទន្លេបាសាក់៕










