នីហ្ស៊េរីយ៉ា៖ ចំនួនអ្នកស្លាប់ដោយសារគ្រោះទឹកជំនន់ នៅក្នុងប្រទេសនីហ្ស៊េរីយ៉ានៅឆ្នាំនេះបានកើនឡើងដល់ ៦០៣នាក់ ខណៈក្រុមអាជ្ញាធរក្នុងតំបន់ប្រឹងប្រែងផ្ដល់ជំនួយដល់មនុស្សរាប់លាននាក់ ដែលកំពុងត្រូវបានភៀសខ្លួនចេញពីលំនៅឋានទឹកលិច។

ក្រសួងកិច្ចការមនុស្សធម៌បាននិយាយកាលពីថ្ងៃអាទិត្យថា មនុស្សជាង ១លាន ៣សែននាក់ត្រូវបានភៀសខ្លួនដោយសារគ្រោះមហន្តរាយ ដែលបានប៉ះពាល់ដល់ពលរដ្ឋនៅទូទាំងរដ្ឋទាំង៣៣ នៃរដ្ឋទាំង៣៦ របស់នីហ្ស៊េរីយ៉ា។ ផ្ទៃដីយ៉ាងហោចណាស់ ៣.៤០០គីឡូម៉ែត្រក្រឡាត្រូវបានទឹកជន់លិច ដែលបង្កឲ្យមានក្ដីបារម្ភកាន់តែខ្លាំងអំពីការអាក់ខានដល់ការផ្គត់ផ្គង់ស្បៀងអាហារ។

ជម្លោះបានគំរាមកំហែងដល់ផលិតកម្មរួចទៅហើយនៅក្នុងភាគឦសាន និងភាគកណ្ដាលរបស់ប្រទេសនីហ្ស៊េរីយ៉ា ជាទីដែលផលិតបានស្បៀងភាគច្រើនសម្រាប់ប្រទេសនេះ។ លោកប្រធានាធិបតី Muhammadu Buhari បានចេញបញ្ជាឲ្យគ្រប់អាជ្ញាធរពាក់ព័ន្ធ ដើម្បីធ្វើការស្ដារឈានទៅរកប្រក្រតីភាពឡើងវិញ នេះយោងតាមសេចក្ដីថ្លែងការណ៍ចេញដោយការិយាល័យរបស់លោក៕
អត្ថបទ៖ សុខមាន