បញ្ចសិលា៖ លោក Tanayut Jongsukkaijai ប្រធានសមាគមកីឡាបញ្ចសិលានៅខេត្តសារិន្ទ ប្រទេសថៃ កាលពីចុងសប្ដាហ៍កន្លងទៅបានចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាអគ្គលេខាធិការសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា ដើម្បីសិក្សាពីឱកាសចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា។
ឯកឧត្តម វ៉ាត់ ចំរើន បានគូសបញ្ជាក់ថា ជំនួបសវនការនេះ ភាគីខេត្តសុរិន្ទដែលជាផ្នែកមួយនៃរដ្ឋអំណាចកីឡាថៃគឺចង់ភ្ជាប់ខ្លួនជាមួយគុនល្បុក្កតោ ក្នុងការសិក្សាស្វែងយល់ពីកីឡាអត្តសញ្ញាណជាតិខ្មែរនេះ ដោយស្នើសុំឲ្យភាគីកម្ពុជាជួយបណ្ដុះបណ្ដាល និងបង្ហាត់ ដើម្បីបានបញ្ជូនអត្តពលិករបស់ខ្លួនមកចូលរួមប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ ។ ជាមួយសំណើរនេះ ភាគីទាំងពីរបានឯកភាពគ្នា ដោយកម្ពុជាបានបើកភ្លើងខៀវក្នុងការជួយបង្ហាត់ដល់ភាគីថៃ ដែលជាគោលដៅមួយរបស់សហព័ន្ធ ដើម្បីពង្រឹង និងពង្រីកសក្ដានុពលគុនល្បុក្កតោក្នុងតំបន់។
រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិ CAMSOC ដដែលបានគូសបញ្ជាក់ថា មកទល់ពេលនេះគិតទាំងថៃ មានប្រទេសចំនួន ៧ហើយដែលត្រៀមចូលរួមប្រកួតលើប្រភេទកីឡាគុនល្បុក្កតោ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣ រួមមានឥណ្ឌូនេស៊ី ហ្វីលីពីន វៀតណាម ឡាវ មីយ៉ាន់ម៉ា ថៃ និងកម្ពុជា។ លើសពីនេះ ទីម័រខាងកើតក៏បានបង្ហាញពីបំណងចង់ចូលរួម លើប្រភេទកីឡាអត្តសញ្ញាណជាតិខ្មែរនេះផងដែរ។ គួរដឹងថា ស៊ីហ្គេមលើកទី៣២ បានអនុម័តប្រភេទកីឡាសម្រាប់ការប្រកួតរួចរាល់ដោយមាន ៣៨ប្រភេទកីឡាលើ ៦០៨វិញ្ញាសា ក្នុងនោះក៏មានកីឡាអត្តសញ្ញាណជាតិមួយចំនួនផងដែរ ដូចជាកីឡាគុនល្បុក្កតោ និងកីឡាអុកចត្រង្គជាដើម៕
អត្ថបទ៖ លី ឈុនឡា