ភ្នំពេញ៖ ក្នុងរយៈពេល ៥ឆ្នាំ គឺចាប់ពីឆ្នាំ២០១៨ ដល់២០២២ ក្រសួងការពារជាតិបានសហការបង្ក្រាបបទល្មើសនានា នៅទូទាំងប្រទេសបានចំនួនជាង ១ម៉ឺនលើក ហើយឃាត់ខ្លួនជនសង្ស័យជាង ១៥០០០នាក់ និងរឹបអូសបានវត្ថុតាំងមួយចំនួន ។
នៅក្នុងសន្និសីទសារព័ត៌មានស្តីពី សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំ របស់ក្រសួងការពារជាតិ នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ នាយឧត្តមសេនីយ៍ ឈុំ សុជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួង មានប្រសាសន៍ថា បច្ចុប្បន្នស្ថានការណ៍យោធា នៅតាមតំបន់ព្រំដែនមានសភាពស្ងប់ស្ងាត់ ពុំមានអ្វីធំដុំគួរឲ្យកត់សម្គាល់ ប៉ុន្តែនៅបន្តពង្រឹងសមត្ថភាព និងត្រៀមខ្លួនជាប់ជានិច្ច ដើម្បីឆ្លើយតបទៅនឹងសភាពការណ៍ណាមួយ ដែលអាចកើតឡើងជាយថាហេតុ ។
នាយឧត្តមសេនីយ៍ ឈុំ សុជាតិ បន្តថា ក្រៅពីការងារនៅតាមព្រំដែន កងយោធពលខេមរភូមិន្ទបានម្ចាស់ការសហការចូលរួមយ៉ាងសកម្មបំផុត ក្នុងការគ្រប់គ្រងពង្រឹងការអនុវត្តច្បាប់ ក្នុងនោះ មានការកសាងភូមិឃុំមានសុវត្ថិភាព ការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ការពារស្ថិរភាពនយោបាយ ទប់ស្កាត់ និងបង្ការបង្ក្រាបសកម្មភាពល្មើសគ្រប់ប្រភេទ ភាពអនាធិបតេយ្យ ព្រមទាំងអនុវវត្តបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ។
អ្នកនាំពាក្យក្រសួងការពារជាតិ បានបន្ថែមថា ក្នុងរយៈពេល៥ឆ្នាំមកនេះ កងយោធពលខេមរភូមិន្ទ បានស្រាវជ្រាវ និងបង្ក្រាបបទល្មើសឧក្រិដ្ឋ បទល្មើសមជ្ឈិមបានចំនួនជាង ១ម៉ឺនលើក ឃាត់ខ្លួនជនសង្ស័យជាង ១៥ ០០០នាក់ (រកឃើញជនពាក់ព័ន្ធចំនួនជាង ១៤ ០០០នាក់បញ្ជូនទៅតុលាការ) បានរឹបអូសគ្រឿងញៀនជាច្រើនគីឡូក្រាម និងវត្ថុតាងមួយចំនួនទៀត ។
ឯកឧត្តមបានបន្តទៀតថា ក្នុងរយៈពេលដូចគ្នានេះ មណ្ឌលស្ដារនីតិសម្បទានអ្នកញៀនគ្រឿងញៀន កងរាជអាវុធហត្ថខេត្តបាត់ដំបង បន្ទាយមានជ័យ ព្រះសីហនុ និងកងពលតូចលេខ៣១ យោធភូមិភាគទី៣ បានទទួលអ្នកញៀនគ្រឿងញៀនមកធ្វើការអប់រំ និងបន្សាប់សារធាតុញៀន ជាសះស្បើយត្រឡប់ទៅលំនៅដ្ឋានវិញ បានចំនួន ៥ ១៩៩នាក់ ៕ អត្ថបទ៖ បាន សុខរិទ្ធិ



