ប្រណាំងកង់ភ្នំ៖ ការប្រកួតកង់ភ្នំជើងឯកជាតិ ២០២២ (WURKZ Mountain Bike Series) ដំណើរការដល់ជុំទីបីហើយ ដោយដំណើរការប្រកួតនៅចុងសប្តាហ៍កន្លងទៅនៅបរិវេណជើងភ្នំគូលែន ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដោយមានកីឡាករ-កីឡាការិនី ៣២០នាក់ចូលរួមប្រកួត ក្នុងនោះមានកីឡាករ-កីឡាការិនីជម្រើសជាតិកង់ភ្នំថៃចូលរួមផងដែរ។

ក្រោយដំណើរការប្រកួតស្ទើរពេញមួយថ្ងៃអាទិត្យ វិញ្ញាសាកម្រិត A បុរស កីឡាករជម្រើសជាតិកម្ពុជា គីម ម៉េងឡុង បញ្ចប់នៅចំណាត់ថ្នាក់លេខ១ បន្ទាប់បញ្ចប់ការប្រកួត ៥ជុំដោយប្រើថេរវេលា ១ម៉ោង ៣នាទី ២៨វិនាទី៣ ខណៈដែលកីឡាករ ឆាប ឆៃហ្វុង បញ្ចប់នៅចំណាត់ថ្នាក់ទី២ ដោយប្រើថេរវេលា ១ម៉ោង ៤នាទី ៤៣វិនាទី៦។ ចំនែកកីឡាករជម្រើសជាតិថៃ Adisak Tailangkha និង Athiphong Suwannasing ឈរនៅចំណាត់ថ្នាក់លេខ៣ និងលេខ៤រៀងគ្នា ចាញ់អ្នកឈ្នះ ២នាទី ៤៤វិនាទី និង ៣នាទី ០០វិនាទី៥។ សម្រាប់កីឡាករ ហួត ឡយរស្មី បញ្ចប់នៅចំណាត់ថ្នាក់លេខ៥ និងលេខ៦ បានទៅកីឡាករ សាង សីហា។ រីឯវិញ្ញាសានារីកម្រិតខ្ពស់ដែលប្រកួត ៤ជុំ កីឡាការិនីជម្រើសជាតិថៃ Jarinya Suebjakthin ដណ្តើមបានចំណាត់ថ្នាក់លេខ១ បន្ទាប់ពីប្រើថេរវេលា ១ម៉ោង ៥នាទី២៦វិនាទី១ ដោយបានយកឈ្នះមិត្តរួមជាតិ Thanaporn Haman ក្នុងគម្លាតថេរវេលា ១នាទី៤២វិនាទី៨។ ចំនែកកីឡាការិនីជម្រើសជាតិកម្ពុជា ខេន ម៉ាឡៃ បញ្ចប់នៅចំណាត់ថ្នាក់លេខ៣ ចាញ់អ្នកឈ្នះ៣នាទី១៦វិនាទី៧ ខណៈដែលកីឡាការិនីថៃមួយរូបទៀត Natalie PANYAWAN បញ្ចប់នៅចំណាត់ថ្នាក់លេខ៤ និងកីឡាការិនីកម្ពុជា យស កន្និការ ឈរនៅលេខ៥ និងកីឡាការិនី វន ស្រីនីត បញ្ចប់នៅចំណាត់ថ្នាក់លេខ៦។

ក្រៅពីវិញ្ញាសាធំៗទាំងពីរនៅនៅមានវិញ្ញាសា B1 (ប្រកួត៤ជុំ ចម្ងាយ១៤គីឡូម៉ែត្រ) កីឡាករជម្រើសជាតិកម្ពុជា គ្រួច វ៉ា ជាអ្នកទទួលបានជ័យជំនះ លេខ២ បានទៅកីឡាករ កែវ សុផា មកពីក្លិបជិះកង់ RVC និងលេខ៣ បានទៅកីឡាករ ឆាង រ័ត្នមុន្នី មកពីក្លិបជិះកង់ខេត្តសៀមរាប ខណៈលេខ៤ កីឡាករ ភោគ ចំណាប់ និងលេខ៥ កីឡាករមកពីកំពត យូរ៉ា គីម។ វិញ្ញាសា B2 ប្រកួតបីជុំចម្ងាយជិត ១០គីឡូម៉ែត្រ កីឡាករមកពីប្រទេសថៃ Surachet Sing jui ជាអ្នកទទួលបានជ័យជំនះ លេខ២ កីឡាករ Vasco ramsperger មកពីក្រុមជិះកង់ខេត្តកំពត លេខ៣ កីឡាករ Pierre Yves CATRY មកពីក្រុមកង់ហោះ លេខ៤ កីឡាករ ហុង ចាន់មករា មកពីក្រុមជិះកង់តាខ្មៅ និងលេខ៥ កីឡាករ Julius មកពីក្រុមជិះកង់ ICF កម្ពុជា។ វិញ្ញាសា E-Bikes ចំណាត់ថ្នាក់លេខ១ បានទៅកីឡាករ ប៊ុត ឈឿន របស់ក្រុមកង់ហោះ លេខ២ កីឡាករ អ៊ូ ស៊ីផា មកពីក្រុមកង់ហោះ និងលេខ៣ កីឡាករ Pascal CATRY ក្រុមកង់ហោះ២។
វិញ្ញាសា C1 ជ័យជំនះបានទៅកីឡាករ ពៅ សុភាន់ មកពីក្រុមកង់ហោះ, វិញ្ញាសា C2 ជ័យជំនះបានទៅកីឡាករ ធីម លីម៉េង មកពីក្រុមជិះកង់ខេត្តសៀមរាប, វិញ្ញា C3 លេខ១ បានទៅកីឡាករ អ៊ី លាងម៉េង របស់ក្រុមជិះកង់ Sun Bikes, វិញ្ញាសា Master ជ័យជំនះបានទៅកីឡាករ គីម សម្បត្តិ មកពីក្លិបជិះកង់ Cycle Path Club, វិញ្ញាសា CMG ជ័យជំនះបានទៅកីឡាករ ស្មគ្រ វិស្ណុ, វិញ្ញាសា VIP កីឡាករ ឈួន យ៉េនរបស់ក្លិប Sun Bikes បញ្ចប់នៅចំណាត់ថ្នាក់លេខ១ វិញ្ញាសានារី ៣ជុំក្នុងចំងាយជាង ៦គីឡូម៉ែត្រ កីឡាការិនី ខេន ម៉ាឡៃ ដណ្តើមជ័យជំនះ, វិញ្ញាសា C0 ដែលមានកីឡាករចូលរួមជាង ៦០នាក់លេខ១ បានទៅកីឡាករ ជា សុបញ្ញា មកពីក្លិបជិះកង់រិទ្ធិសែន ខេត្តកំពង់ឆ្នាំង, វិញ្ញសាកុមារ K2 ដែលមានកុមារជាង ៣០នាក់ចូលរួមប្រកួតលេខ១ បានទៅកីឡាករ វន ដាវីដ និងវិញ្ញាសា K1 លេខ១ បានទៅកុមារា លី សុវណ្ណារាជមកពីក្លិប Sun Bike និងលេខ១ កុមារី បានទៅ បញ្ញា អ៊ាន មកពីក្រុមជិះកង់សុខសាន្ត។ សូមជម្រាបជូនថា ការប្រកួតជុំទី១ នៃកម្មវិធី WURKZ Mountain Bike Series នឹងធ្វើនៅព្រែកលៀបរាជធានីភ្នំពេញ ខណៈជុំទី៥ ដែលជុំចុងក្រោយនឹងធ្វើនៅកំឡុងខែធ្នូ នៅរមណីយដ្ឋានគិរីរម្យ ខេត្តកំពង់ស្ពឺ៕
អត្ថបទ៖ គង់ ហួន