រុស្ស៊ី៖ យន្តហោះចម្បាំងល្បឿនលឿនជាងសំឡេង ១គ្រឿងបានធ្លាក់ទៅលើអគារលំនៅឋានមួយកន្លែងនៅទីក្រុង Yeysk ភាគខាងត្បូងប្រទេសរុស្ស៊ីក្បែរព្រំដែនជាមួយប្រទេសអ៊ុយក្រែន បណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ៦នាក់ស្លាប់ និងមានអណ្តាតភ្លើងបានឆាបឆេះប្លុកអគារលំនៅឋាន។

វីដេអូនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបានបង្ហាញ ពីដុំភ្លើងដ៏ធំមួយបានផ្ទុះចេញពីអគារកម្ពស់ ៩ជាន់កាលពីថ្ងៃចន្ទ។ អ្នកនាំពាក្យក្រសួងគ្រប់គ្រងគ្រាអាសន្នបាននិយាយថា មនុស្ស ៦នាក់បានស្លាប់ និង ១៩នាក់រងរបួសក្នុងនោះមានកុមារ ២នាក់ ហើយមន្ត្រីក្នុងតំបន់និយាយថា មនុស្ស ៦នាក់ផ្សេងទៀតបានបាត់ខ្លួន។ យន្តហោះនេះត្រូវបានគេកំណត់អត្តសញ្ញាណថា ជាយន្តហោះ Sukhoi Su-34 ហើយយោងតាមក្រសួងការពារជាតិបានឱ្យដឹងថា សមាជិកអាកាសយានិកបានលោតចេញមុនពេលយន្តហោះធ្លាក់។ សេចក្តីថ្លែងការណ៍របស់ក្រសួងនិយាយថា ខណៈពេលហោះឡើងជាការហោះហើរហ្វឹកហាត់ ចេញពីអាកាសយានដ្ឋានយោធានៅភាគខាងត្បូង យន្តហោះ Su-34 បានក៏ធ្លាក់។ មូលហេតុនៃការធ្លាក់យន្តហោះគឺដោយសារម៉ាស៊ីនមួយ ក្នុងចំណោមម៉ាស៊ីនយន្តហោះបានឆាបឆេះក្នុងអំឡុងពេលហោះឡើង៕
អត្ថបទ៖ ប៊ុនថន