ភ្នំពេញ៖ ក្រុមការងារគ្រូពេទ្យ នៃការិយាល័យសុខាភិបាល ស្រុកប្រតិបត្តិសែនសុខ (ហៅកាត់ OD សែនសុខ) បានបន្តយកវ៉ាក់សាំងបង្ការជំងឺកូវីដ-19 ចុះចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ វ៉ាក់សាំងបង្ការជំងឺកុមារ១១ មុខ តាមសហគមន៍ និងខ្នងផ្ទះរបស់ប្រជាពលរដ្ឋក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ ដើម្បីបង្កើនភាពស៊ាំក្នុងសហគមន៍។
បើតាមលោកវេជ្ជបណ្ឌិត រស់ ញឿន ប្រធានការិយាល័យសុខាភិបាល ស្រុកប្រតិបត្តិសែនសុខ (ហៅកាត់ OD សែនសុខ) ប្រាប់BTVព័ត៌មាន នាព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២នេះថា ដោយមានការចង្អុលបង្ហាញពីឯកឧត្តម វេជ្ជបណ្ឌិត ងី មានហេង ប្រធានមនី្ទរសុខាភិបាលរាជធានីភ្នំពេញ ក៏ដូចជារដ្ឋបាលរាជធានីភ្នំពេញ បានចាត់ឲ្យក្រុមការងារគ្រូពេទ្យនៃការិយាល័យសុខាភិបាល ស្រុកប្រតិបតិ្តសែនសុខ ចុះមករៀបចំទីតាំងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចាប់ពីដូសមូលដ្ឋាន រហូតដល់ដូសជំរុញ ជូនបងប្អូនប្រជាពលរដ្ឋ ក្មេង ចាស់ ប្រុស ស្រី និងវ៉ាក់សាំងបង្ការជំងឺកុមារ១១មុខ ដែលទើបនឹងកើត រហូតដល់១៨ខែ នៅតាមទីផ្សារ ទីប្រជុំជន សហគមន៍ និងខ្នងផ្ទះរស់នៅរបស់ពួកគាត់ ដើម្បីផ្តល់វ៉ាក់សាំងបង្ការជំងឺជូនពួកគាត់ ដែលមិនបានទទួលពេញលេញ ហើយប្រសិនបើកុមារខ្វះនៅវ៉ាក់សាំងការពារជំងឺណាមួយនោះ គឺក្រុមការងារគ្រូពេទ្យយើង នឹងចាក់វ៉ាក់សាំងជូនកុមារភ្លាមៗតែម្តង។
ជាមួយគ្នានោះដែរ លោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋ បានបង្ហាញពីកី្តសប្បាយរីករាយ ដោយវត្តមានរបស់ក្រុមការងារគ្រូពេទ្យ នាំយកវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩គ្រប់មុខ និងវ៉ាក់សាំងបង្ការជំងឺកុមារ១១មុខចុះមកផ្ទាល់ដល់សហគមន៍ ដើម្បីឲ្យពួកគាត់ ក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខនេះ មានសុខភាពល្អ ។
មកដល់ពេលនេះ មានការថមថយ ការរីករាលដាលជំងឺកូវីដ-១៩ លោកវេជ្ជបណ្ឌិត រស់ ញឿន ប្រធានការិយាល័យសុខាភិបាល ស្រុកប្រតិបត្តិសែនសុខ បន្តចាក់វ៉ាក់សាំងជូនបងប្អូនប្រជាពលរដ្ឋជារៀងរាល់ថ្ងៃ ក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ រួមនឹងកុមារ សុំមកចូលរួមទទួលយកវ៉ាក់សាំងបង្ការជំងឺឲ្យបានគ្រប់ៗគ្នា និងជៀសផុតពីជំងឺដ៏កាចសាហាវនេះ ដើម្បីឲ្យប្រទេសកម្ពុជា ទទួលបានជោគជ័យក្នុងការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ផងដែរ៕
អត្ថបទ រដ្ឋា



