ភ្នំពេញ៖ អនុរដ្ឋលេខាធិការ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ខណៈចូលរួមក្នុងពិធីការពារស្នាដៃបញ្ចប់ការសិក្សារបស់និស្សិតមហាវិទ្យាសិល្បៈសូនរូប នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បានលើកឡើងថា បច្ចុប្បន្នកម្ពុជា គឺត្រូវការនូវការបណ្ដុះធនធានមនុស្សបន្ថែមទៀតលើ សិល្បៈសូនរូប។
ក្នុងឱកាសចាប់ផ្ដើមការការពារស្នាដៃបញ្ចប់ការសិក្សារបស់និស្សិតនៅថ្ងៃនេះ ឯកឧត្តម គឹម ពីនន់ អនុរដ្ឋលេខាធិការនៃក្រសួងវប្បធម៌ វិចិត្រសិល្បៈ លើកឡើងថា និស្សិតទាំងនេះគឺជាធនធានសំខាន់ ជាអ្នកបន្តវេនពីអ្នកជំនាន់មុន ជាអ្នកការពារថែរក្សាអត្តសញ្ញាណជាតិ។
ឯកឧត្តម បន្តថា និស្សិតទាំងនេះជាធនធានសំខាន់ដែលថ្ងៃក្រោយអាចក្លាយមន្រ្តីរាជការ អាចក្លាយជាសាស្រ្តាចារ្យ ក្នុងការបន្តបណ្ដុះធនធានមនុស្ស ខណៈធនធានមនុស្សលើផ្នែកនេះពុំទាន់មានភាពគ្រប់គ្រាន់ពេញលេញនោះទេ។
ឯកឧត្តម បន្តថា ក្រសួងក៏ដូចជាសាកលវិទ្យាល័យ កំពុងស្វះស្វែងរកអាហារូបករណ៍បន្ថែម សម្រាប់និស្សិតអាចទៅសិក្សាថ្នាក់អនុបណ្ឌិត រឺថ្នាក់បណ្ឌិត នៅបរទេស ក្រោយពួកគាត់បញ្ចប់ថ្នាក់បរិញ្ញាបត្រនេះ។
ពាក់ព័ន្ធនឹងការបណ្ដុះបណ្ដាលធនធានមនុស្សលើផ្នែកសិល្បៈសូនរូបនេះ សាលកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ក៏បានរៀបចំឱ្យនិស្សិតចំនួន ១១២អ្នកដែលសិក្សា ឯកទេស តុបតែងលម្អនៃស្ថាបត្យកម្ម ឯកទេសវិចិត្រកម្ម ឯកទេសគំនូរសារគមនាគមន៍ និងនិស្សិតសិក្សាឯកទេស ចម្លាក់ នៃមហាវិទ្យាសិល្បៈសូនរូប ឡើងការពារស្នាដៃបញ្ចប់ការសិក្សារបស់ខ្លួន ។
ជាការធានាថា ធនធានមនុស្សប្រកបដោយគុណភាពលោក សុផុន សំខាន់ ជាព្រឹទ្ធបុរសស្ដីទី នៃ មហាវិទ្យាសិល្បៈសូនរូប លើកឡើងថា ការការពារស្នាដៃដើម្បីបញ្ចប់ការសិក្សានេះ គឺមហាវិទ្យាល័យបានបង្កើតគណៈកម្មការតាមជំនាញនីមួយៗ ដើម្បីធ្វើការវាយតម្លៃ និងកែតម្រូវលើប្រធានបទ ស្នាដៃរបស់និស្សិតជាបេក្ខជន និងកិច្ចការជាច្រើនទៀត។
កិច្ចការសំខាន់នេះ គឺប្រើរយៈពេលរហូតដល់ ៨ខែ ដោយនិស្សិតត្រូវឆ្លងកាត់វគ្គនីមួយៗ ទើបឈានដល់ការឡើងការពារនៅថ្ងៃនេះ៕ អត្ថបទ៖ គឹមហុក