សៀមរាប៖ ក្រុមការងារជំនាញ មកពីក្រសួងស្ថានប័នពាក់ព័ន្ធ បានបន្តយុទ្ធនាការលើកទី៣ ក្នុងការផ្ទៀងផ្ទាត់ឈ្មោះជូនប្រជាពលរដ្ឋមានបណ្ណសមធម៌ថ្មី និងប្តូរបណ្ណជូនពលរដ្ឋ ដែលស្ម័គ្រចិត្តទៅរស់នៅក្នុង ឃុំរុនតាឯក ឃុំពាក់ស្នែង ។
ជាការអនុវត្តតាមបទបញ្ជា របស់សម្តេច នាយករដ្ឋមន្រ្តី កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២២ ក្រុមការងារមូលនិធិជាតិជំនួយសង្គម នៃក្រសួងសង្គមកិច្ច ដោយមានការសហការគាំទ្រពីអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម និងក្រសួងផែនការ បានបន្តយុទ្ធនាការលើកទី៣ ក្នុងការផ្ទៀងផ្ទាត់ឈ្មោះជូនប្រជាពលរដ្ឋមានបណ្ណសមធម៍ថ្មី និងប្តូរបណ្ណជូនគ្រួសារទៅរស់នៅភូមិរុនតាឯក ឃុំរុនតាឯក និងពលរដ្ឋទៅរស់នៅឃុំពាក់ស្នែង ដើម្បីទទួលបាន ប្រាក់ឧបត្ថម្ភពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងចុះឈ្មោះជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ។
គិតត្រឹមម៉ោង ១៨:០០ នាទី ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ ទទួលបាន លទ្ធផលដូចខាងក្រោម៖
- គ្រួសារក្រីក្រផ្ទៀងផ្ទាត់ និងបើកប្រាក់បានចំនួន ១,៤២៨ គ្រួសារ ចំណាយអស់ទឹកប្រាក់សរុប ៤៦៥,៨០០,០០០រៀល
- គ្រួសារប្តូរបណ្ណមានចំនួន ២៩០គ្រួសារ ដែលគ្រួសារទាំងនេះនឹងត្រូវបន្តបើកសាច់ប្រាក់ឧបត្ថម្ភខែតុលា ចាប់ពីថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០២២ ដោយសារគ្រួសារនេះបានបើកខែកញ្ញារួចហើយ
- ស្រ្តីមានផ្ទៃពោះ ១១នាក់ និងកុមារអាយុក្រោម ២ឆ្នាំ ចំនួន ៧នាក់ ចំណាយថវិកាចំនួន ៧២០,០០០រៀល
» ក្រុមការងារនឹងបន្តផ្ទៀងផ្ទាត់គ្រួសារ នៅសល់ចំនួន ៣,០៧៥ ទៀត ៕ អត្ថបទ៖គឹមហុក






