នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២នេះ លោកជំទាវ ម៉ាន ចិន្តា រដ្ឋលេខាធិការក្រសួងកិច្ចការនារី, លោក អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង, លោក ចេង ចាន់ដូណា អភិបាលស្រុកបរិបូណ៌ បានចុះផ្តល់អំណោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ផ្តល់ជូនប្រជាពលរដ្ឋ២០០គ្រួសារ ស្ថានភាពផ្ទះរបស់គាត់ ត្រូវបានលិចទឹក ដែលរងផលប៉ះពាល់ដោយទឹកទន្លេសាបឡើងខ្ពស់ខ្លាំង នៅក្នុងភូមិយុគគន្ធរ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។
លោកជំទាវ ម៉ែន ចិន្តា បានមានប្រសាសន៍ថា : ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី តែងយកចិត្តទុកដាក់ខ្ពស់លើសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះគ្រប់ប្រភេទទាំងអស់ ដោយសម្តេចបានអោយកូនចៅថ្នាក់ក្រោម ពិនិត្យមើលគ្រប់ទីកន្លែង។
ក្រុមការងារ បានចុះផ្ដល់អំណោយតាមខ្នងផ្ទះ ជូនពលរដ្ឋចំនួន១៤ គ្រួសារ ផ្សេងទៀត ដែលរស់នៅតំបន់នោះ ។ អំណោយទាំងអស់ជាទឹកចិត្តដ៍ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ដែលបានផ្តល់ជូនដោយលោកជំទាវ ម៉ែន ចិន្តា និងស្វាមី ។ ការផ្ដល់ជូននេះមិនមានការប្រកាន់ពូជសាសន៍នោះឡើយ ខ្មែរ និងខ្មែរឥស្លាម គឺជាជនជាតិខ្មែរតែមួយ ស្ថិតនៅក្រោមម្លប់សន្តិភាពតែមួយ។
លោក អម សុភា បានពាំនាំនូវការផ្តាំសួរសុខទុក្ខពីសំណាក់ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ដែលជានិច្ចជាកាល ឯកឧត្តម តែងយកចិត្តទុកដាក់លើសុខទុក្ខរបស់ប្រជាពលរដ្ឋ គ្រប់ទីកន្លែងក្នុងខេត្តផងដែរ៕ ហុង វាស្នា










