បាត់ដំបង៖ អនុវត្តន៍តាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង និងលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានជួបគ្នានៅព្រំប្រទល់ខេត្ត ដើម្បីពិនិត្យកែសម្រួលព្រំប្រទល់ខេត្តទាំងពីរសំដៅបង្កលក្ខណៈងាយស្រួលដល់ប្រជាជនទាំងសងខាង។
ជំនួបនេះ បានធ្វើឡើងនាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ នៅចំណុចស្ពានភ្នំដំបង ស្ថិតនៅក្នុងភូមិសាស្ត្រឃុំមានជ័យ ស្រុកសំឡូត ខេត្តបាត់ដំបង។ ក្នុងជំនួបនេះ ថ្នាក់ដឹកនាំនៃខេត្តទាំងពីរបានចុះពិនិត្យ និងផ្ទៀងផ្ទាត់នូវចំណុចភូមិសាស្ត្រដែលត្រូវរៀបចំកែសម្រួលព្រំប្រទល់រដ្ឋបាលឡើងវិញឱ្យបានច្បាស់លាស់។
ថ្នាក់ដឹកនាំនៃខេត្តទាំងពីរ បានឯកភាពគ្នាជាគោលការណ៍ជាក់លាក់លើប្លង់ផែនទីកំណត់យកស្ទឹងបរឡាង ក្នុងភូមិសាស្ត្រឃុំមានជ័យ និងផ្នែកខ្លះទៀតក្នុងឃុំសំឡូត ធ្វើជាព្រំប្រទល់ខេត្ត។ដោយឡែកនៅក្នុងស្រុកកំរៀង កំណត់យកស្ទឹងមង្គលបុរី ស្ថិតក្នុងភូមិសាស្ត្រនៃឃុំកំរៀង និងផ្នែកខ្លះទៀតក្នុងឃុំតាក្រី ដើម្បីធ្វើជាព្រំប្រទល់ខេត្ត។
អភិបាលខេត្តទាំងពីរ បានជំរុញដល់មន្ទីរដែនដីនៃខេត្តទាំងពីរ ឱ្យបន្តជួបគ្នាដើម្បីធ្វើការងារជំនាញឱ្យបានកាន់តែលម្អិតច្បាស់លាស់ថែមទៀតក្នុងការផ្ទៀងផ្ទាត់ផែនទីរបស់ខេត្តនីមួយៗឱ្យបានត្រឹមត្រូវជាក់លាក់។
គួរបញ្ជាក់ថា ផ្ទៃដីដែលត្រូវកែសម្រួលផ្ទៀងផ្ទាត់កំណត់ព្រំប្រទល់រដ្ឋបាលជាក់លាក់ជាថ្មីឡើងវិញរវាងខេត្តទាំងពីរ ក្នុងនោះយ៉ាងហោចណាស់ផ្ទៃដីប្រមាណជាង១ម៉ឺនហិកតាក្នុងភូមិសាស្ត្រខេត្តបាត់ដំបង ត្រូវប្រគល់ទៅឱ្យខេត្តប៉ៃលិន កាន់កាប់៕





