បាល់ទាត់៖ គ្រូបង្វឹកក្រុមជំរើសជាតិវៀតណាមដែលជោគជ័យបំផុតលោក Park Hang-seo បានប្រកាសចាកចេញពីតំណែងហើយនៅក្រោយចប់ព្រឹត្តិការណ៍ជើងឯកអាស៊ីអាគ្នេយ៍ AFF Championship។ សមាគមបាល់ទាត់វៀតណាមបានចេញសេចក្តីថ្លែងការរបស់ខ្លួន ពីការព្រមព្រៀងគ្នាក្នុងការបញ្ចប់កិច្ចសន្យារវាងភាគីទាំងពីរ។

គ្រូបង្វឹកសញ្ជាតិកូរ៉េរូបនេះបានដឹកនាំក្រុមជម្រើសជាតិវៀតណាមលើកពាន AFF Championship ឆ្នាំ២០១៨ ឡើងវគ្គ ៨ក្រុមចុងក្រោយ AFC Asian Cup ២០១៩ និងដឹកនាំក្រុមវៀតណាមឡើងដល់ជុំទី៣ នៃវគ្គជម្រុះបាល់ទាត់ពិភពលោកតំបន់អាស៊ីជាលើកដំបូងក្នុងប្រវត្តិសាស្ត្របាល់ទាត់វៀតណាម។ លោក Park Hang-seo ដែលជាគ្រូបង្វឹកមានប្រជាប្រិយភាពមួយនៅវៀតណាមនោះ ក៏បានដឹកនាំវៀតណាមឈ្នះមេដាយមាសស៊ីហ្គេម ២លើកផងដែរក្នុងការដឹកនាំក្រុមអាយុក្រោម ២៣ឆ្នាំ។
លោក Park បាននិយាយថា រយៈពេល ៥ឆ្នាំកន្លងមកនេះ លោកបានជួបអនុស្សាវរីយ៍ល្អៗច្រើនរាប់មិនអស់ និងមានដំណើរសប្បាយរីករាយជាច្រើនជាមួយបាល់ទាត់វៀតណាម។ លោកបានបន្តថា ថ្វីបើចាកចេញ លោកនឹងបន្តធ្វើកិច្ចសហប្រតិបត្តិការផ្សេងៗទៀតជាមួយបាល់ទាត់វៀតណាម រឺក៏អនាគតលោកអាចមកដឹកនាំក្រុមជម្រើសជាតិវៀតណាមសារជាថ្មី។ ព្រឹត្តិការណ៍បាល់ទាត់ជើងឯកអាស៊ីអាគ្នេយ៍ AFF Championship ២០២២ នឹងចាប់ផ្តើមនៅថ្ងៃទី២០ ខែធ្នូបញ្ចប់នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣៕
អត្ថបទ៖នាង សុភាវុធ