បាល់ទាត់៖ ប្រទេសកាតាត្រូវបានជ្រើសរើសជាផ្លូវការ ជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍បាល់ទាត់ទ្វីបអាស៊ី AFC Asian Cup 2023 ជំនួសចិន តែកាលបរិច្ឆេទប្រកួតអាចនឹងត្រូវផ្លាស់ប្តូរ។
សហព័ន្ធបាល់ទាត់ទ្វីបអាស៊ី AFC បានប្រកាសនៅថ្ងៃចន្ទម្សិលមិញថា កាតាជាម្ចាស់ផ្ទះ AFC Asian Cup 2023 ខាងមុខ ខណៈដែលបេក្ខភាពដែលប្រជែង ២ប្រទេសផ្សេងទៀតរួមមានសាធារណរដ្ឋកូរ៉េ និងឥណ្ឌូនេស៊ីត្រូវបានមើលរំលង។ កាតាដែលនឹងជាម្ចាស់ផ្ទះ World Cup 2022 ខែក្រោយនេះ ក៏គ្រោងនឹងផ្លាស់ប្តូរកាលបរិច្ឆេទប្រកួត AFC Asian Cup 2023 ដែលជានិច្ចកាលតែងតែរៀបចំនៅចន្លោះខែមិថុនាដល់ខែកក្កដា មកប្រកួតនៅដើមឆ្នាំ២០២៤ វិញដោយសារតែបញ្ហាកំដៅ។
រំលឹកថា កាតាធ្លាប់ធ្វើម្ចាស់ផ្ទះ Asian Cup ពីរលើករួចហើយកាលពីអតីតកាលគឺនៅឆ្នាំ១៩៨៨ និង ២០១១ ហើយកាតាគឺជាជើងឯកព្រឹត្តិការណ៍ចុងក្រោយបំផុតកាលពីឆ្នាំ២០១៩ នៅទឹកដីអារ៉ាប់រួម។ កាតាក៏ជាបេក្ខភាពក្នុងការដេញថ្លៃធ្វើម្ចាស់ផ្ទះ AFC Asian Cup 2027 ផងដែររួមជាមួយបេក្ខភាពផ្សេងទៀតរួមមានអ៊ីរ៉ង់ និងអ៊ូសប៊ែគីស្ថាន ខណៈការប្រកួតផ្លូវការនឹងត្រូវធ្វើឡើងនៅខែកុម្ភៈឆ្នាំក្រោយ៕
អត្ថបទ៖នាង សុភាវុធ