កំពង់ធំ៖ អធិការរដ្ឋាននគរបាលស្រុកកំពង់ស្វាយ បានបញ្ជូនជនសង្ស័យចំនួន៣នាក់ រួមជាមួយវត្ថុតាង ទៅកាន់តុលាការ ពាក់ព័ន្ធករណីប្រព្រឹត្តស្បែងស៊ីសងខុសច្បាប់ (ជល់មាន់)។
លោក កែ កញ្ចនា អធិការ នៃអធិការដ្ឋានស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ប្រាប់BTV នៅថ្ងៃទី១៨ ខែតុលានេះថា ក្រោមការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការ នៃស្នងការដ្ឋានគរបាលខេត្តកំពង់ធំ, កម្លាំងអធិការដ្ឋាននគបាលស្រុកកំពង់ស្វាយ បានបញ្ជូនជនសង្ស័យ ញៀនល្បែងចំនួន ៣នាក់ ទៅកាន់តុលាខេត្តកំពង់ធំ រួចរាល់ហើយ។
ជនទាំងបីនាក់ មានឈ្មោះ៖ ទី ១-ឈ្មោះឌួង ឡែន ភេទ ប្រុស អាយុ ៣៧ឆ្នាំ មុខរបរ កសិករ រស់នៅភូមិភូមិត្បែង.ក ឃុំត្បែង ស្រុកកំពង់ស្វាយ, ទី ២-ឈ្មោះឡេ ស៊ាន ភេទ ប្រុស អាយុ៣១ឆ្នាំ មុខរបរ កសិករ រស់នៅភូមិភ្នុំដែក ឃុំរម្យទុម ស្រុករវៀង ខេត្តព្រះវិហារ និងទី ៣-ឈ្មោះលី ម៉ូវហួត ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរ បុគ្គលិកធានាគារស្ថាបនា នៅភូមិសាលាឃុំ ឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ។
ជនសង្ស័យទាំងបីនាក់នេះ បានប្រព្រឹត្តបទល្មើសល្បែងស៊ីសងខុសច្បាប់ (ជល់មាន់) ដែលត្រូវបានកម្លាំងអធិការដ្ឋានស្រុកកំពង់ស្វាយ ចុះបង្រ្កាប កាលពីថ្ងៃទី១៥ ខែតុលា នេះ ។ ក្នុងប្រតិបត្តិការនេះដែរ កម្លាំងអធិការដ្ឋានស្រុក បានដកហូតវត្ថុតាងរួមមាន៖ មាន់ចំនួន០៥ក្បាល និងសម្ភារមួយចំនួនទៀត ។ ចំពោះបក្សពួកផ្សេងទៀត អធិការរដ្ឋាន ធ្វើការកំណត់មុខសញ្ញា ដើម្បីអប់រំនិងណែនាំផងដែរ៕



