ឧត្តរមានជ័យ៖ កំណាត់ផ្លូវកៅស៊ូមួយចំនួនក្នុងមូលដ្ឋានភូមិចំនួន២ គឺភូមិអូរក្រវ៉ាន់ និងភូមិឈូក ស្ថិតក្នុងសង្កាត់សំរោង ក្រុងសំរោងខេត្ត ឧត្តរមានជ័យ ដែលរងការខូចខាត ជាលក្ខណៈផ្លូវសំបុកមាន់កន្លងមក ត្រូវបានអាជ្ញាធរខេត្តឧត្តរមានជ័យ ចាប់ផ្ដើមធ្វើការជួសជុលជាបណ្ដោះអាសន្ដ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋប្រកបដោយសុវត្ថិភាព នាព្រឹកថ្ងៃទី១៨ ខែតុលាឆ្នាំ២០២២នេះ។
ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ បានឲ្យដឹងថា កំណាត់ផ្លូវចំនួន២ភូមិខាងលើកនេះ ដោយកន្លងមក ផ្លូវនេះ ទទួលរងការខូចខាតជាលក្ខណៈសំបុកមាន់ច្រើនកន្លែងពិបាកក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋឆ្លងកាត់ដោយតែមានភ្លៀងធ្លាក់ជាប់ៗគ្នារាល់ថ្ងៃផងនោះធ្វើឲ្យការជួសជុលជូនពលរដ្ឋមានការយឺតយ៉ាវ។
ឯកឧត្តម បន្តថា មកដល់ពេលនេះ ដោយសារស្ថានភាពអាកាសធាតុអំណោយផលល្អមិនមានភ្លៀងធ្លាក់នោះទើបអាជ្ញាធរខេត្ត បានចាប់ផ្តើមធ្វើការជួសជុលឈូសឆាយចាក់ក្រួសក្រហមលុបក្រឡុកសំបុកមាន់ជាបណ្តោះអាសន្នឡើងវិញ ដើម្បីសម្រួលដល់ការធ្វើរបស់ពលរដ្ឋក្នុងមូលដ្ឋានឲ្យមានភាពល្អប្រសើរជាងមុនជាបណ្តោះអាសន្ន។
ដោយឡែកចំពោះផ្លូវក្នុងមូលដ្ឋានទីតាំងភូមិផ្សេងៗទៀត អាជ្ញាធរខេត្តកំពុងគិតគូរយកចិត្តទុកដាក់ខ្ពស់ក្នុងការជួយសម្រួលការជួសជុលជូនបងប្អូនប្រជាពលរដ្ឋដូចៗគ្នានូវហេដ្ឋារចនាសម្ព័ន្ធនានាក្នុងមូលដ្ឋានរបស់បងប្អូនប្រជាពលរដ្ឋដែលទទួលរងការខូចខាតកន្លងមក។
គួរបញ្ជាក់ថា កំណាត់ផ្លូវក្នុងមូលដ្ឋានដែលរងការខូចខាតខាងលើនេះ អាជ្ញាធរខេត្តនិងគិតគូរធ្វើការចាក់កៅស៊ូឡើងវិញ នៅពេលក្រោយបន្ទាប់ពីគម្រោងថ្មីបានមកដល់នោះ៕ អត្ថបទ៖ ឃិន សារិទ្ធ




