
ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា ស្នើឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ បន្តចូលរួមសហការល្អ ក្នុងក្របខ ណ្ឌកិច្ចការពារអតិថិជន និងបន្តការអនុគ្រោះតាមរយៈការរៀបចំឥណទានឡើងវិញ និងពិចារណាបន្ធូរបន្ថយការប្រាក់ និងកម្រៃផ្សេងៗពាក់ព័ន្ធនឹងឥណទាន លើកលែងការផាកពិន័យ និងជៀសវាងការរឹបអូសទ្រព្យធានារបស់អ្នកខ្ចីប្រាក់ ដែលផលប៉ះពាល់ដោយសារទឹកជំនន់ ។.......................
ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុគ្រោះចំពោះអ្នកខ្ចីប្រាក់ដែលបានរងផលប៉ះពាល់ជាក់ស្ដែង ដោយសារទឹកជំនន់ធ្ងន់ធ្ងរ ក្នុងស្ថានភាពដែលខេត្តមួយចំនួន បាន និងកំពុងជួបប្រទះបញ្ហាទឹកជំនន់ធ្ងន់ធ្ងរ និងអនុវត្តតាមប្រសាសន៍អំពាវនាវដ៏ខ្ពង់ ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២។ បន្ទាប់ពីបានពិភាក្សាជា មួយសមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ធនាគារជាតិនៃកម្ពុជា គាំទ្រចំពោះប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ និងស្នើឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ បន្តចូលរួមសហកា រល្អក្នុងក្របខណ្ឌកិច្ចការពារអតិថិជន និងបន្តការអនុគ្រោះតាមរយៈការរៀបចំឥណទានឡើងវិញផងដែរ។
ចំពោះការអនុគ្រោះអនុវត្តតាមលក្ខខណ្ឌដូចជា៖ ការកាត់បន្ថយចំនួនប្រាក់ដើមឥណទាន ឬចំនួនដែ លត្រូវសងនៅឥណប្រតិទាន, ការពន្យារពេលទូទាត់សងប្រាក់ដើម ឬការប្រាក់ ឬការធ្វើមូលធនកម្មការប្រាក់, ការពន្យារឥណប្រតិទាន, ការបន្ថែម និងការផ្លាស់ប្ដូរអ្នករួមខ្ចី ឬអ្នកធានា ប្រសិនបើមាន, ការផ្លាស់ប្តូរពីឥណទានមានការទូទាត់សងតាមការបង់រំលស់ ទៅជាការទូទាត់តែការប្រាក់ដើម ទាំងអស់នៅឥណប្រតិទាន, ការលើកលែង ឬបន្ថយទ្រព្យធានា, ការបន្ថយលក្ខខណ្ឌកិច្ចសន្យា, និងផ្តល់រយៈពេលអនុគ្រោះដោយគ្មានការទូទាត់សង ដែលអាចមានរយៈពេលរហូតដល់ ៦ខែ គិតចាប់ពីថ្ងៃប្រសិទ្ធភាពនៃកិច្ចសន្យាថ្មី។
ធនាគារជាតិនៃកម្ពុជា បានរំលេចបន្ថែមថា ដើម្បីរួមចំណែកសម្រាលបន្ទុក ក៏ដូចជាជួយស្តារជីវភាពរបស់អ្នកខ្ចីប្រាក់ គ្រឹះស្ថានគួរពិចារណា ផ្តល់ការអនុគ្រោះដូចជា៖ ការបន្ធូរបន្ថយការប្រាក់ និងកម្រៃផ្សេងៗពាក់ព័ន្ធនឹងឥណទាន និងលើកលែងការផាកពិន័យ និងជៀសវាងការរឹបអូសទ្រព្យធានារបស់អ្នកខ្ចីប្រាក់ជាដើម៕អត្ថបទ៖ សុន រ៉ាឌី

